(ពោធិសាត់)៖ មន្ត្រីសមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តពោធិ៍សាត់បានអះអាងថា ជារៀងរាល់យប់ចាប់ពីម៉ោង១១-១២ទៅ នៅតាមដងផ្លូវជាតិលេខ៥៥ និងផ្លូវខេត្តលេខ១៥៥ គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង និងរថយន្តយីឌុបមិនក្រោម១០គ្រឿងឡើយ បានដឹកឈើប្រណីតប្រភេទធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ កាត់តាមផ្លូវជាតិលេខ៥ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម។
សកម្មភាពឈ្មួញប្រមូលទិញ និងដឹកជញ្ជូនឈើធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់នេះ គេគ្មានឃើញសមត្ថកិច្ចនៅតាមដងផ្លូវណាមួយចេញមុខបង្ក្រាបនោះឡើយ ព្រោះឈ្មួញបានទាក់ទងបង់លុយតាមក្បាលរថយន្តជាមួយមេៗ សមត្ថកិច្ចទាំងអស់នោះរួចអស់ហើយ ដោយគេឃុបឃិតគ្នាប្រព្រឹត្តបទល្មើសជាប្រព័ន្ធតែម្ដង។
ជាក់ស្ដែងកាលពីវេលាម៉ោង១១ទៅម៉ោង១២យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងហោចណាស់ក៏មានក្បួនរថយន្តសាំយ៉ុងដឹកឈើធ្នង់ជិត១០គ្រឿងដែរ បានបើកបន្តកន្ទុយគ្នាចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ឆ្ពោះមកភ្នំពេញដោយសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវមិនហ៊ានបង្ក្រាបទេ គឺបានត្រឹមតែឈររាប់ក្បាលរថយន្តដើម្បីរាយការណ៏ប្រាប់មេៗរបស់ពួកគេតែប៉ុណ្ណោះ ព្រោះមេៗខ្លាចពួកឈ្មួញសុីដាច់តួលេខ។ ប៉ុន្តែពេលរថយន្តបើកចូលដល់ដែនដីខេត្តកំពង់ឆ្នាំង ទើបកូនៗសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ដែលមិនទទួលបានផលប្រយោជន៍ ក៏ទូរស័ព្ឌប្រាប់សមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងអោយចេញបង្ក្រាប តែបែកការណ៏ ចាប់បានតែមួយរថយន្តប៉ុណ្ណោះ ក្រៅពីនោះបានបើករត់គេចបាត់អស់។
តាមអ្នកដឹងរឿង នៅខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះ មានឈ្មួញឈើធំៗតែប៉ុន្មាននាក់ប៉ុណ្ណោះដែលអាចឈរជើងរកសុីបទល្មើសព្រៃឈើបាន។ក្នុងនោះមានឈ្មួញម្នាក់ឈ្មោះជា ពៅ ដែលមានថៅកែធំនៅភ្នំពេញទម្លាក់លុយអោយប្រមូលទិញឈើប្រណីត និងឈើក្ដានៅក្នុងខេត្តពោធិ៍សាត់អោយគឺជាឈ្មួញដែលមានឥទ្ធិពលជាងគេដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះឡើយ ព្រោះសុទ្ធតែទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះជា ពៅ ទាំងអស់ សូម្បីតែមន្ត្រីមេព្រៃដែលជាជំនាញខាងបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅក៏អង្គុយរាប់ក្បាលរថយន្តយកលុយដែរ៕