(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ គឺជាខួប ៥ឆ្នាំ (១៧ កក្កដា ២០១២-១៧ កក្កដា ២០១៧) នៃការចងសម្ព័ន្ធរវាងលោក សម រង្ស៊ី អតីតប្រធានគណបក្សសមរង្ស៊ី និង លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស ដោយបង្កើតបានគណបក្សថ្មីមួយ គឺគណបក្សសង្រ្គោះជាតិ ដែលមានរូប «ព្រះអាទិត្យរះ» ជានិមិត្តសញ្ញាសម្រាប់គណបក្សថ្មីនេះ។ ការរំលាយចូលគ្នារវាងភ្លើងទៀន របស់លោក សម រង្ស៊ី និងព្រះចន្ទ របស់លោក កឹម សុខា រយៈពេល ៥ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាយកពន្លឺទៅជួយបំភ្លឺឲ្យព្រះចន្ទ កាន់តែភ្លឺចិញ្ចែងចិញ្ចាចតែប៉ុណ្ណោះ។
យើងសុំលើកយកតឹកតាងតែពីរចំណុចធំៗប៉ុណ្ណោះមកបង្ហាញថា សម្ព័ន្ធភាពគណបក្សសង្រ្គោះជាតិក្នុងរយៈពេល ៥ឆ្នាំមកនេះ ជាសម្ព័ន្ធមួយដែលគ្រាន់តែ ជួយឲ្យព្រះចន្ទ មានពន្លឺកាន់តែចិញ្ចែងចិញ្ចាច ក្រោមជំនួយរស្មីពីភ្លើងទៀន ឬអាចនិយាយបានថា ជាសម្ព័ន្ធជួយឲ្យលោក កឹម សុខា កាន់តែលេចធ្លោរ ខណៈលោក សម រង្ស៊ី កំពុងតែស្រកស្រុតជាបណ្តើរៗ និងអាចឈានទៅរកការបាត់ឈ្មោះ បាត់សំឡេង បាត់រូបពីគណបក្សសង្រ្គោះជាតិនាពេលដ៏ឆាប់ខាងមុខ ក្រោយច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើឲ្យធ្វើវិសោធនកម្មចូលជាធរមាន។
ចំណុចធំទី១៖ លោក កឹម សុខា បានបង្កើនសមាជិកគណបក្សសិទ្ធិមនុស្សរបស់លោកឲ្យកាន់តែច្រើនក្នុងដំបូលរដ្ឋសភា ខណៈសមាជិកលោក សម រង្ស៊ី មកពីគណបក្សសមរង្ស៊ីរក្សានៅដដែល។ លោក កឹម សុខា បានយកគណបក្សសិទ្ធិមនុស្សរបស់លោក ដែលបង្កើតឡើងក្នុងរយៈពេលខ្លី គឺឆ្នាំ២០០៧ មានអាសនៈក្នុងរដ្ឋសភាតែ ៣កៅអី ក្នុងអាណត្តិទី៤ ទៅចងសម្ព័ន្ធជាមួយគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី បង្កើតឡើងតាំងពីឆ្នាំ១៩៩៥ និងមានអាសនៈក្នុងរដ្ឋសភារហូតដល់ទៅ២៦អាសនៈ។
ជាលទ្ធផលទទួលបានពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ បានបង្ហាញថា លោក កឹម សុខា បានបង្កើនសមាជិករបស់លោកនៅក្រោមដំបូលរដ្ឋសភាពី ៣អាសនៈ រហូតដល់ជាង ២០អាសនៈ ខណៈដែលលោក សម រង្ស៊ី ហាក់មិនបានបង្កើនសមាជិករបស់ខ្លួននៅក្រោមដំបូលរដ្ឋសភានោះឡើយ ពោលសមាជិករបស់គណបក្ស សម រង្ស៊ី គឺប្រហាក់ប្រហែលទៅនឹងការបោះឆ្នោតជាតិឆ្នាំ២០០៨ អាណត្តិទី៤ ដដែល។
ចំណុចធំទី២៖ លោក កឹម សុខា ដែលក្នុងកិច្ចព្រមព្រៀង នៃការចងសម្ព័ន្ធជាលើកដំបូងត្រឹមតែជាអនុប្រធានគណបក្សនោះ បានវិវឌ្ឍន៍ខ្លួន រហូតក្លាយជាប្រធានគណបក្សនាពេលបច្ចុប្បន្ន ខណៈលោក សម រង្ស៊ី មិនត្រឹមតែបាត់បង់តំណែងប្រធានគណបក្សនោះទេ សូម្បីតែសកម្មភាពជាមួយគណបក្ស និងត្រឹមជាមន្រ្តីដ៏តូចតាចមួយនៅក្នុងបក្ស ក៏ត្រូវបាត់បង់អស់ដែរ នៅពេលច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើឲ្យធ្វើវិសោធនកម្មចូល ជាធរមាននាពេលឆាប់ៗខាងមុខនេះ។
តាមរយៈចំណុចធំៗទាំងពីរដែលបានលើកឡើងនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និង លោក កឹម សុខា ឬហៅថា សម្ព័ន្ធភាពរវាងភ្លើងទៀន និងព្រះចន្ទ គឺជាគ្រាន់តែជាការធ្វើឲ្យលោក កឹម សុខា កាន់តែល្បាញល្បី ឬអាចនិយាយថា ពន្លឺភ្លើង ទៀនបានជួយផ្តល់រស្មីឲ្យព្រះចន្ទ កាន់តែចែងចាំងពន្លឺចិញ្ចែងចិញ្ចាចតែប៉ុណ្ណោះ។ បើភាសារបស់អ្នកជំនួញវិញ លោក កឹម សុខា កំពុងទទួលបានផលចំណេញយ៉ាងច្រើន ពីការបណ្តាក់ទុនរបស់លោក ខណៈលោក សម រង្ស៊ី ត្រូវបានលោក កឹម សុខា លេបយកភាគហ៊ុនអស់ទៅហើយ។
តែទោះជាយ៉ាងណា ការលេបយកពន្លឺពីភ្លើងទៀនជួយជារស្មីដល់ព្រះចន្ទ ឲ្យចិញ្ចែងចិញ្ចាចដូចពេលបច្ចុប្បន្ននេះ ប្រហែលមិនអាចទៅរួចនោះឡើយ ប្រសិនបើគ្មានការប្រសិទ្ធពរជ័យពីជំរុំទេវតាទេនោះ៕