(ភ្នំពេញ)៖ លោក ឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្ម Galaxy បានប្រកាសក្រែងៗជាចំហថា បទ«តារាបែកស្លុយ២០១៧» គឺមិនស្ថិតនៅក្នុងផលិតកម្មរបស់ខ្លួនទេ ទោះបីជា លោក ម៉ារ៉ា ប៊ុណ្ណា ជាតារាចម្រៀង ក្នុងផលិតកម្ម Galaxy របស់លោកក៏ដោយ។ ការបដិសេធរបស់លោក ឡេង ណាវ៉ាត្រា គឺបន្ទាប់ពីមានការរិះគន់ធ្ងន់ៗ ពីសំណាក់ទស្សនិកជន ទៅលើបទចម្រៀងដែលមានចំណងជើងថា «តារាបែកស្លុយ២០១៧» ផលិត និងច្រៀងដោយ លោក ម៉ារ៉ា ប៊ុណ្ណា ដែលបានចំឡងទាំងស្រុងពីបទរបស់ថៃនោះ ជាហេតុធ្វើឲ្យមានការមិនពេញចិត្ត ពីសំណាក់អ្នកគាំទ្រ។
តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា បានផលិតបទ «តារាបែកស្លុយ២០១៧» ដោយបានរំពឹងថា បទនេះនឹងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែផ្ទុយពីការរំពឹងទុកនេះ បទថ្មីរបស់លោក បែរជាត្រូវទទួលរងនូវព្រនង់រិះគន់ខ្លាំងទៅវិញ ជាហេតុធ្វើឲ្យលោក ម៉ារ៉ា ប៊ុណ្ណា ក្លាយជាប្រធានបទក្ដៅ នៅក្នុងការជេរប្រទេស បាញ់ស្រោចពីទស្សនិកជន ខណៈដែលអ្នករស់នៅជុំវិញខ្លួន ក៏មិនបានគាំទ្រទង្វើនេះ។
ជាង់ស្ដែងម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត្រា ដែលជាទ្រនំដ៏កក់ក្ដៅ ធ្លាប់មានការងារដល់ជាមួយរូបលោក ក៏បានចេញមុខបដិសេធ និងមិនបានចូលរួមសហការធ្វើឲ្យមានកំហុស រហូតធ្វើឲ្យមានការរិះគន់នេះឡើយ។ លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy បានធ្វើការបដិសេធទាំងស្រុង ដោយនិយាយថា លោកមិនជាប់ពាក់ព័ន្ធនោះទេ ពោលគឺលោក ហាក់បីដូចជាប្រកាន់ជំហរមួយថា រឿងរបស់ លោក ម៉ារ៉ា ប៊ុណ្ណា ទុកឲ្យគាត់ជាអ្នកដោះស្រាយ ហើយគ្មានអ្វីទាក់ទងជាមួយផលិតកម្ម Galaxy របស់លោកនោះទេ។ ប៉ុន្តែចំពោះរឿងការងារ នៅក្នុងផលិតកម្ម Galaxy គឺ លោក ម៉ារ៉ា ប៊ុណ្ណា នៅតែជាតារាចម្រៀង និងជាតួសំខាន់ដដែល។
លោក ឡេង ណាវ៉ាត្រា និយាយថា «លោកនៅតែមានគម្រោងចាប់ដៃគូរច្រៀង ជាមួយតារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណាដដែល ដូចកាលដែលលោកធ្វើបទ "ឲ្យតែគិត ចេះតែចង់យំ" ជាមួយគ្នា ដែលបានចំណាយទុនផលិតសាច់រឿង អស់ដល់ប្រមាណជិត១ម៉ឺនដុល្លារ។ ការរិះគន់ចំពោះ លោក ម៉ារ៉ា ប៊ុណ្ណា មិនបានធ្វើឲ្យប៉ះពាល់បទ "អោយតែគិត ចេះតែចង់យំ" ដែលលោកបានច្រៀង និងសម្ដែងរួមគ្នាជាមួយលោក ម៉ារ៉ា ប៊ុណ្ណា នោះទេ។ បទ Original Song ដែលច្រៀងរួមគ្នារបស់លោក នៅតែមានអ្នកចាប់អារម្មណ៍ខ្លាំងដដែល»។
លោកបានបន្ដទៀតថា «សន្ទុះនៃការគាំទ្រសាច់រឿងបទ អោយតែគិត ចេះតែចង់យំ នៅតែមានកម្រិតខ្លាំង បើទោះជាគូចម្រៀងរបស់លោក នៅក្នុងបទនេះ ទទួលការរិះគន់ក្រោយផលិតបទ តារាបែកស្លុយ២០១៧ ក៏ដោយ»។
សូមបញ្ជាក់ថា តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវបានគេមើលឃើញថា មួយរយៈចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់លោក ហាក់មានសន្ទុះគាំទ្រខ្លាំងឡើងវិញ បន្ទាប់ពីលោកបានចាប់ដៃ ជាមួយផលិតកម្ម Galaxy សម្ដែងរឿង និងផលិតបទចម្រៀង Original Song ទោះបីជាក្នុងពេលនេះ ស្ថិតក្នុងដំណាក់កាល គេរិះគន់បទចម្រៀងថ្មី របស់លោកក៏ដោយ៕