(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស បញ្ជូនជនសង្ស័យ៣នាក់ មកតុលាការ ដើម្បីបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធនឹងករណីពរពោះជំនួស។ ប៉ុន្តែក្រោយការសួរដេញដោល តុលាការក្រុងភ្នំពេញ បានលើកពេលប្រកាស សាលក្រមសំណុំរឿងនេះ ទៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វិញ។
ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទអំពើធ្វើជាអន្តរការីនៃអំពើពពោះ និងបទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិតតាមមាត្រា៣៣២និងមាត្រា៦៣២នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនជនរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត ។
លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ ថ្លែងថា ជនសង្ស័យ៣នាក់នោះ រួមមានឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ ។
សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃ ចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពពោះ ដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះ បានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក ៕