(ព្រះសីហនុ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាសហអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ។
ពិធីបិទសន្និបាតនេះ ក៏មានការចូលរួមពីសមាជិករបស់ គ.ជ.ប ចំនួន៨រូបទៀត កងកម្លាំងប្រដាប់អាវុធ បុគ្គលិកការងាររបស់ គ.ជ.ប ដៃគូជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធមួយចំនួន។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ ទទួលបានជោគជ័យ យ៉ាងត្រចេះត្រចង់ ប្រកបដោយភាពល្អប្រសើរជាងអាណត្តិមុនៗ និងមានការសាទរពីគ្រប់ភាគី និងគណបក្ស នយោបាយ ហើយលទ្ធផលផ្លូវការនៃបោះឆ្នោតនេះ ត្រូវបានបង្ហាញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន៤៨៩ និងគណបក្សខ្មែរ រួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ក៏ទទួលបាន១ឃុំផងដែរ៕