(កណ្ដាល)៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានចេញមុខធ្វើការតវ៉ាចំពោះស្នាមមេដៃ របស់ខ្លួននៅលើពាក្យបណ្តឹង ប្តឹងចោទប្រកាន់លោក ងី សារី ជាអតីតមេឃុំព្រែកទន្លាប់ ដែលបច្ចុប្បន្នជាជំទប់ទី២ថា បានរំលោភយកដី ប្រឡាយទឹករូមរបស់ពួកគាត់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានធ្វើរបង បិទមិនឲ្យ ពួកគាត់ដើរឆ្លងកាត់ និងមិនឲ្យចូលនេសាទ។
សូមបញ្ជាក់ថា កាលពីអាណ្តិតមុនលោក ងី សារី ជាមេឃុំព្រែកទន្លាប់ ប៉ុន្តែសម្រាប់ការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ដូច្នេះហើយលោកត្រូវជាប់មកជាជំទប់ទី២របស់ឃុំវិញ។
នៅក្នុងពាក្យបណ្តឹងនោះមានស្នាមមេដៃចំនួន២៨១មេដៃ ប៉ុន្តែប្រជាពលរដ្ឋដែលចេញមុខមកតវ៉ានេះ បានបដិសេធបន្ទប់ពីបានឃើញ ឈ្មោះ និងស្នាមមេដៃរបស់ពួកគាត់ នៅក្នុងពាក្យបណ្តឹងទៅវិញ ខណៈដែលពួកគាត់មិនបានផ្តិតមេដៃសោះ។ ប្រជាពលរដ្ឋទាំងនេះ ដែលបានចេញមុខតវ៉ាកាលពីចុងសប្តាហ៍នេះ បាននិយាយថា «ពួកយើងមិនបានផ្តិតមេដៃលើពាក្យបណ្តឹងនោះទេ ហើយក៏សម្តែងការ ព្រួយបារម្ភលើស្នាមដៃទាំងនេះផងដែរ ដោយសារមិនបានផ្តិត ហើយកន្លងមកធ្លាប់ មានអ្នកដើរមកសុំមេដៃដើម្បីស្តារប្រឡាយ ធ្វើការអភិវឌ្ឍន៍ ប៉ុន្តែពេលនេះស្រាប់តែមាននៅក្នុងពាក្យបណ្តឹងប្តឹងចោទប្រកាន់លោក ងី សារី ទៅវិញ»។
អ្នកមីង ផន សារៀម រស់នៅក្នុងភូមិព្រែកទម្លាប់ បាននិយាយថា កន្លងមានអ្នកមកសុំស្នាមមេដៃពីគាត់ ដើម្បីប្តឹងលោក ងី សារី អតីតមេឃុំ ប៉ុន្តែអ្នកមីង មិនព្រមផ្តិតនោះទេ ព្រោះមីងបានដឹងថា អ្វីដែលប្តឹងចោទប្រកាន់នោះ គឺមិនពិតដូចការចោទប្រកាន់ឡើយ ម្យ៉ាងវិញទៀត អ្នកមីងមិនចេះអក្សរខ្លាចគេយកមេដៃរបស់ខ្លួន ទៅប្រើប្រាស់មិនល្អ ប៉ុន្តែពេលនេះស្រាប់តែឃើញឈ្មោះ និងស្នាមមេដៃនៅក្នុងពាក្យ បណ្តឹងនោះទៅវិញ ដូច្នេះអ្នកមីងសូមបដិសេធ ទាំងស្រុងនៅស្នាមមេដៃនៅលើ ពាក្យបណ្តឹងនោះ។
ចំណែកប្រជាកសិករម្នាក់ទៀត រស់នៅក្នុងភូមិព្រែកបាក់ បាននិយាយថា គាត់កាលពីមុនធ្វើស្រែរំពឹងលើទឹកភ្លៀង ហើយធ្វើមិនសូវ បានផល ប៉ុន្មាននោះទេ ទាល់តែលោក មេឃុំមកអភិវឌ្ឍន៍នៅ តំបន់នេះក៏ទើបគាត់អាចមានទឹកប្រើប្រាស់ធ្វើស្រែចំការបានងាយស្រួល ដោយ១ឆ្នាំ ធ្វើរហូតដល់ទៅ២ដងឯណោះ។
កសិកររូបនេះបានបន្តទៀតថា នៅពេលការប្រើប្រាស់ទឹកក្នុងប្រឡាយមិនគ្រប់គ្រាន់ អតីតមេឃុំ លោក ងី សារី បានបូមទឹកទន្លេ មកក្នុងប្រឡាយ ជូនពួកគាត់ថែមទៀតផង ហើយលោកមិនដែលបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។ គាត់គាំទ្រនៅគម្រោង អភិវឌ្ឍន៍នោះ និងក៏បានសុំឲ្យបន្តធ្វើការអភិវឌ្ឍន៍ទៀត ដើម្បីពលរដ្ឋក្នុងមូលដ្ឋាន កាន់តែមានជីវភាពធូរធារបន្ថែមទៀត។
សម្រាប់លោក ងី សារី វិញបាននិយាយថា ការដែលលោកជីកស្តារប្រឡាយនេះ គឺដើម្បីទាញយកទឹកមកស្រោចស្រពស្រូវប្រាំងរបស់ ពលរដ្ឋមិនតែនៅក្នុងតំបន់ដែលលោក ត្រូវអភិវឌ្ឍន៍នោះទេ ហើយប្រឡាយនេះកាលពីលោកមិនទាន់ជីកស្តារនោះ គឺវាមានសភាពគោក រ៉ាក់អស់ហើយ ខ្នងប្រឡាយក៏គ្មានដែរ ដូច្នេះទើបលោកធ្វើការស្តារ អភិវឌ្ឍន៍តំបន់នេះ លោកមិនបានធ្វើអ្វីដូចពលរដ្ឋបានលើកឡើង នោះទេ៕