(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ មានអ្នកជំងឺ ៦,៨៣៨នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៣៨៩នាក់, អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាកព្យាបាល ៣៤៧នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ ៣៧នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន ១១៣ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតសម្រាកព្យាបាលដោយមិនបង់ប្រាក់ ២៦ភាគរយ, ចំនួនវះកាត់សរុប ៥៤នាក់, ការព្យាបាលដោយចលនា ៤០៩នាក់, កុមារបានទទួលថ្នាំបង្ការ ៦៧៧នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់ ១០នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៦៣នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល ៩នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម ២៣២នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៦៨នាក់, ពិនិត្យវិភាគដោយអេកូ ១៦០នាក់, ចំនួនតេស្ដបានវិភាគនៅមន្ទីរពិសោធន៍មាន ២,២៨៣នាក់។ សរុបទាំងអស់ ៦,៨៣៨នាក់។
មន្ទីរពេទ្យកុមារជាតិបានឲ្យដឹងផងដែរថា មន្ទីរពេទ្យមានទទួលវះកាត់ កុមារឆែបមាត់ជើងខ្វេពីកំណើត ដោយពុំមានបង់ប្រាក់។
ក្នុងសប្ដាហ៍នេះ គណៈកម្មការបច្ចេកទេសមន្ទីរពេទ្យកុមារជាតិបានដឹកនាំនាយកផ្នែក និងនាយកសាលដើម្បីពិនិត្យ និងកែសម្រួលចំណុចមួយចំនួន នៃសំណុំលិខិតអ្នកជំងឺដេកពេទ្យដើម្បីបោះពុម្ភប្រើប្រាស់ជាបន្តទៅទៀត ឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្របតាមការរីកចម្រើនរបស់មន្ទីរពេទ្យកុមារជាតិ៕