(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហោះសារយ៉ាងខ្លីមួយ ដោយគាំទ្រចំពោះ ការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីមានការរិះគន់ពីសម្តេចនាយករដ្ឋមន្រ្តី និងមហាជនថា គណបក្សសង្រ្គោះជាតិ មិនបានអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ។
ការបង្ហោះសារគាំទ្រនេះ បានធ្វើឡើងចំថ្ងៃដែលកម្ពុជា រៀបចំពិធីអបអរសាទរ ដល់ការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក កឹម សុខា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានកើតនៅលើទឹកដី មាតុភូមិកម្ពុជា ជាទឹកដីសំបូរទៅដោយសម្បត្ដិវប្បធម៌ដ៏ល្បីល្បាញ ដូចជា ប្រាសាទសំបូរព្រៃគុក ជាដើម។ ខ្ញុំសូមគាំទ្រទាំងស្រុង នូវការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
ការចេញសារគាំទ្រនេះត្រូវបានមហាជនអះអាងថា គ្រាន់តែធ្វើឡើងក្នុងនាមបុគ្គលរបស់ លោក កឹម សុខា តែប៉ុណ្ណោះ។ ដោយឡែក ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង ដែលគាំទ្រចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គេនៅមិនទាន់ឃើញចេញជារូបរាងនៅឡើយទេ។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើង នៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕