(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានថ្លែងពន្យល់អំពីមូលហេតុ ដែលធ្វើឲ្យមានការថយចុះ បញ្ហាបាតុកម្ម និងកូដកម្មតាមបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា គឺដោយសារកត្តាគួបផ្សំមួយចំនួន។ កត្តាគួបផ្សំមួយចំនួន ខាងលើនេះ រួមមាន ទី១៖ សហជីពមានភាពចាស់ទុំ និងចូលរួមអនុវត្តច្បាប់ ជាពិសេសទំនាក់ទំនងវិជ្ជាជីវៈ រវាងក្រុមសហជីពជាមួយ នឹងថៅកែចូលរួមដោះស្រាយ បញ្ហាជូនកម្មករតាមនីតិវិធីបានល្អប្រសើរ និងទាន់ពេលវេលា ទី២៖និយោជកគោរពច្បាប់កាន់ប្រសើរជាងមុន និងទី៣៖ ការអនុវត្តច្បាប់ស្តីពីសហជីព ដែលធ្វើឲ្យភាគីពាក់ព័ន្ធ រវាងក្រុមសហជីព និយោជក និងនិយោជិត កាន់តែយល់ដឹងប្រសើរ ជាងមុន។
ការលើកឡើងបែបនេះក្នុងឱកាសដែលលោក សោម អូន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្នាក់ដឹកនាំ របស់ក្រុមប្រឹក្សាភិបាល សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ។
ជាមួយគ្នានេះលោក ឡុង សុផាត ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ក៏បានថ្លែងប្តេជ្ញាចិត្ត បន្តចូលរួមអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីចូលរួមចំណែក បម្រើផលប្រយោជន៍ និងសិទ្ធិសេរីភាពជូនទាំងភាគីនិយោជកនិងភាគី និយោជិត ដែលកំពុងមានវត្តមានការវិនិយោគ លើវិស័យកាត់ដេរនៅកម្ពុជា។
លោក ឡុង សុផាត ក៏សូមអំពាវនាវដល់ក្រុមសហជីពមួយចំនួនតូច ដែលតែងយកមុខងារជាសហជីព ដើម្បីបម្រើដល់នយោបាយ និងផលប្រយោជន៍បុគ្កលនោះ សូមបញ្ឈប់សកម្មភាព បែបនេះទៅ ហើយងាកមកចូលរួមអនុវត្តច្បាប់ និងឈរលើគោលការណ៍បម្រើ ផលប្រយោជន៍ជូនកម្មករទាំងអស់គ្នា ព្រោះថាការចូលរួមជួយជ្រោមជ្រែង ដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនកម្មករនិងរក្សាឲ្យបាន អ្នកវិនិយោគ។
លោក ឡុង សុផាត បានបន្តទៀតថា ពិតជាក់ច្បាស់ណាស់ បើក្រុមសហជីពកៀងគរ ក្រុមកម្មករឲ្យដើរលើផ្លូវខុសនោះពួកគាត់នឹងជួប នូវការអន្តរាយផ្នែកសេដ្ឋកិច្ច ជីវភាពប្រចាំថ្ងៃក៏ដូចទៅថ្ងៃអនាគត។ ប៉ុន្តែបើក្រុមសហជីពនាំពួកគាត់ ដើរនៅលើផ្លូវត្រូវនោះពិតប្រាកដ ណាស់កម្មករទាំងនោះ ត្រូវតែទទួលបាននូវអត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដែលអាចធ្វើឲ្យពួកឮ គាត់មានការអភិវឌ្ឍន៍ជីវភាពកើនឡើង ពីមួយថ្ងៃទៅមួយទៅ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងពិតប្រាកដ៕