(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយ ឌីជីថល ដែលឈ្នះពានរង្វាន់ជាច្រើន នៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយ ពេញលេញផ្នែកទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ សំដៅចូលរួមជម្រុញ ការអភិវឌ្ឍនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងធ្វើឲ្យ MSA ពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញរបស់ខ្លួន ក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយ និងទីផ្សារ ស្របពេលដែលខ្លួនបានឈរជើង ដោយជោគជ័យរយៈពេល ១៦ឆ្នាំមកហើយ។
MSA បានកសាងទំនុកចិត្ត និងសម្ព័ន្ធភាពជាយូរមកហើយ ក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើន ដូចជា Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley’s, Sanofi, Revlon...។ល។ ភាពជាដៃគូថ្មីនេះ គឺជាកត្តាជម្រុញបន្ថែមទៀត ក្នុងការអភិវឌ្ឍ និងផ្តល់ទំនុកចិត្ត នៅក្នុងសម្ព័ន្ធភាពរវាងអតិថិជន និងភ្នាក់ងារផ្សព្វផ្សាយមួយនេះ។
VLT នាំមកនូវភាពជាដៃគូ និងការកំណត់យុទ្ធសាស្ត ព្រមទាំងការអនុវត្តកាន់តែ មានប្រសិទ្ធិភាពគ្រប់ជ្រុងជ្រោយ ក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ បានធ្វើការជាមួយម៉ាកយីហោល្បីៗ ជាច្រើនដូចជា BMW, DBS, Sony, P1, និង Astro ហើយត្រូវបានទទួលស្គាល់ ជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំ និងជាភ្នាក់ងារឌីជីថល ប្រចាំឆ្នាំនៃប្រទេសម៉ាឡេស៊ី រយៈពេល៥ឆ្នាំជាប់ៗគ្នា។
លោក កៅ ភិរុណ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានមានប្រសាសន៍ថា «ខ្ញុំចង់និយាយនូវអ្វី ដែលអ្នកផ្សេងមិនហ៊ាននិយាយ ឌីជីថល គឺជានិន្នាការមួយ។ ឌីជីថល គឺជាស្នូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ ដែលយើងធ្វើ ដើម្បីអតិថិជនរបស់យើង ។ មនុស្សម្នាបានទទួលស្គាល់ និងបានប្រើប្រាស់វាយ៉ាងរលូន ហើយវាក៏វិធីសាស្រ្តដែលយើងត្រូវតែគិតដល់»។
លោក Adrian Lim អគ្គនាយកប្រតិបត្តិ VLT ក៏បានថ្លែងផងដែរថា «យើងមានក្តីសោមនស្សរីករាយដែលបាននៅទីនេះជាមួយ MSA ។ វិស័យឌីជីថលនៅប្រទេសកម្ពុជា នៅក្មេងខ្ចី និង កំពុងមានតម្រូវការ ក្នុងការរីកចម្រើនយ៉ាងខ្លាំង យើងរីករាយនឹងចែករំលែកបទពិសោធន៍ របស់យើងក្នុងការបង្កើតយុទ្ធសាស្រ្ត និង ខ្លឹមសារនៃសារដ៏មានអត្ថន័យ ជាមួយដៃគូរបស់យើង ដើម្បីភាពជោគជ័យនៃម៉ាកយីហោ ដែលគាត់ធ្វើការជាមួយ»។
កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Kantar TNS បានអោយចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលទទួលការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយមាតិការពីម៉ាកយីហោ និងអន្តរកម្មតាមបណ្តាញ ទំនាក់ទំនងសង្គមហេ្វសបុកខ្ពស់បំផុត។
ដល់ចំណុចនេះលោក កៅ ភិរុណ បានមានចំណាប់អារម្មណ៍លើបញ្ហានេះថា «ភាពជាដៃគូនេះសំដៅដល់ការអភិវឌ្ឍ ការផ្សព្វផ្សាយក្នុងវិស័យឌីជីថល ក៏ដូចជាប្រសិទ្ធិភាព នៃការបញ្ជ្រាបពីអាជីវកម្ម និងម៉ាកយីហោទៅកាន់សាធារណជន។ យើងនឹងនាំយកគំនិតយោបល់របស់អ្នក មានបទពិសោធន៍ចាស់ទុំ ចូលមកក្នុងវិស័យឌីជីថលដ៏ក្មេងខ្ចី របស់យើងនេះ ផងដែរ!»។