(ភ្នំពេញ)៖ ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ កំពុងជាប្រធានបទក្តៅនាពេលបច្ចុប្បន្ននេះ ដោយការជួបប្រកួតគ្នារវាងក្រុម K-Cement Cambodia All Stars និងក្រុមបាល់ទាត់ថៃ SCG Muangthong United គឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំបំផុតមួយ ប្រចាំឆ្នាំ ២០១៧ និងបានធ្វើឲ្យអ្នកគាំទ្រកីឡាបាល់ទាត់រំជើបរំជួលនៅទូទាំងប្រទេស ។
ទោះជាយ៉ាងនេះក្តី ក្រោមស្មារតីសប្បុរស កីឡាករទាំងអស់ក្នុងក្រុម SCG Muangthong United បានចែករំលែកពេលវេលាចូលរួមក្នុងវគ្គហ្វឹកហ្វឺនបាល់ទាត់ ដែលពួកគេបានជួយបង្ហាត់បង្រៀន ដោយផ្ទាល់ដល់កុមារ និងយុវជនកម្ពុជា ដែលមានឆន្ទៈ និងស្រឡាញ់កីឡាបាល់ទាត់ ហើយក្រុមកីឡាករបានលើកទឹកចិត្តឲ្យកុមារ និងយុវវ័យចំណាយពេលវេលា ចូលរួមក្នុងសកម្មភាពអត្ថប្រយោជន៍ ដូចជាការលេងកីឡាដើម្បីសុខភាព ជាដើម ។
លោក Pongdhana Dejvittayaporn ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «ក្រុមហ៊ុន អេស ស៊ី ជី ប្តេជ្ញាលើកស្ទួយការរស់នៅ សម្រាប់គ្រប់សហគមន៍ ដែលយើងធ្វើប្រតិបត្តិការ ហើយយើងតែងគាំទ្រ ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលស្របតាមគុណតម្លៃស្នូលមួយ របស់យើងគឺ ការជឿជាក់ទៅលើគុណតម្លៃរបស់បុគ្គលម្នាក់ ។ ដូច្នេះ សកម្មភាពហ្វឹកហ្វឺនបាល់ទាត់ «Kick and Share by SCG» នេះ មានគោលបំណងបំផុសគំនិត និងលើកទឹកចិត្តស្រឡាញ់កីឡាក្នុងចំណោមកុមារ និងយុវជនខ្មែរ» ។
លោកបានបន្ថែមទៀតថា «ថ្ងៃនេះ ជាឱកាសដ៏ល្អមួយដែលក្រុមហ៊ុន អេស ស៊ី ជី និងក្លឹបបាល់ទាត់ SCG Muangthong United ជួយកុមារកម្ពុជាដុសខាត់ទេពកោសល្យបាល់ទាត់របស់ពួកគេ ។ លើសពីនេះទៀត សកម្មភាពនេះនឹងជួយឲ្យកុមារប្រើប្រាស់ពេលវេលាទំនេរ ដោយមានប្រយោជន៍ ដូចជា ការលេងកីឡាបាល់ទាត់ នឹងជំរុញទឹកចិត្តពួកគេឲ្យស្វែងរក អនាគតភ្លឺស្វាង ហើយសកម្មភាពហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងនៅថ្ងៃ១៥ កក្កដា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយក្នុងនោះកុមារ និងយុវជនប្រមាណ២០០នាក់ ត្រូវបានជ្រើសរើសមកពីគ្រប់ទីកន្លែង នៅទូទាំងប្រទេស ។ ខ្លះជាកុមារងាយរងគ្រោះដែលស្នាក់នៅតាមវត្តអារាម ដែលធ្វើដំណើរមកពីខេត្តឆ្ងាយៗ ដូចជាស្វាយរៀងជាដើម ក៏មាន ។
កុមារ និងយុវជនត្រូវបានបែងចែកទៅជាក្រុមតូចៗ ហើយក្រុមនីមួយៗទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ និងជិតស្និទ្ធពីសំណាក់កីឡាករ និងក្រុមការងារក្លឹប SCG Muangthong United ដោយពួកគេរៀនលើកបាល់ ប៉ះបាល់ ស៊ុតបាល់ និងចាប់បាល់ ជាដើម ។
លោក Sarach Yooyen ដែលជាខ្សែបម្រើឆ្នើមប្រចាំក្រុម SCG Muangthong United បាននិយាយថា « ពិតជាមានសារប្រយោជន៍ណាស់ ខ្ញុំសង្ឃឹមថាបទពិសោធថ្ងៃនេះ នឹងលើកទឹកចិត្តឲ្យកុមារទាំងនេះ សម្រេចក្តីសុបិនធំៗ និងសម្រេចបានជោគជ័យ ដ៏អស្ចារ្យនៅក្នុងជីវិត ។ កីឡាបាល់ទាត់ គឺឧបករណ៍ដ៏មានប្រយោជន៍ ក្នុងការបង្កើតទម្លាប់ល្អ និងមិត្តភាពល្អ» ។
ប្អូនប្រុស ធឿន គីមឆាយ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៃបថមសិក្សាសំពៅមាស រាជធានីភ្នំពេញ បាននិយាយថា «ខ្ញុំសប្បាយចិត្ត ដែលបានមកថ្ងៃនេះ ខ្ញុំបានហាត់បាល់ និងរៀនបានច្រើន ។ ខ្ញុំចង់ក្លាយជាអ្នកលេងបាល់ទាត់ល្បី ដូចពួកគាត់ដែរ ពេលធំឡើង»។
គួរបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការលក់សំបុត្រ លក់អាវយឺតទាំងអស់ នឹងប្រគល់ទៅឲ្យដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងស្រុង ដើម្បីបន្តអភិវឌ្ឍកីឡាករ និងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យឈានឡើងថែមមួយកម្រិតទៀត ។ អ្នកគាំទ្រកម្ពុជាជាច្រើនសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងវិលត្រលប់មកវិញក្នុងពេលអនាគតជាថ្មីម្តងទៀត៕