(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ សហការមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រូតពិនិត្យទំនិញ ជាប្រភេទភេសជ្ជៈគ្រឿងកំប៉ុង ដែលដាក់លក់នៅក្នុងផ្សារគីឡូពី តែរកមិនឃើញខូចគុណភាព ព្រោះថាពេលនេះអាជីវករមានការយល់ដឹងច្រើន។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដែលដឹកនាំការងារនេះ បានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើង ដើម្បីត្រួតពិនិត្យមើលពីទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានដាក់បន្ថែមនូវ សារធាតុគីមីហាម ឃាត់ ព្រមទាំងត្រួតពិនិត្យ និងធ្វើការរកផលិតផលដែលមានសារធាតុគីមី និងលើទីផ្សារផងដែរ ប៉ុន្តែជាលទ្ធផលល្អ គឺពុំឃើញវត្តមានគីមីលើចំណីអាហារ និងផលិតទាំងអស់នោះទេ។
លោកបានឲ្យដឹងថា អ្វីទាំងអស់នេះដោយសារតែអាជីវករមានការយល់ដឹងច្រើនអំពី សុវត្ថិចំណីអាហារដែលត្រូវហាមឃាត់។ ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល បានណែនាំអំពី ផលិតផលហួសកំណត់ នៃការប្រើប្រាស់ សូមកុំដាក់លក់តទៅទៀតព្រោះនាំប៉ះពាល់ដល់សុខភាព។
បន្ថែមពីនេះ ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែ ក៏បានថ្លែងអំណរគុណដល់អាជីវករទាំងអស់ ដែលបានសហការណ៍ជាមួយមន្ដ្រីជំនាញរបស់លោក បានយ៉ាងល្អប្រសើរផងដែរ ក្នុងការចុះត្រួតពិនិត្យនូវផលិតផលទាំងអស់នោះ៕