(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំគោលការណ៍ណែនាំស្ដីពី «កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍» ជាមួយភាគីពាក់ព័ន្ធនានា សំដៅសម្រេចបានផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឲ្យបាន ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីលើកកម្ពស់វិស័យអប់រំ បង្កើនបរិមាណធនធានមនុស្សនៅកម្ពុជាផងដែរ។
ក្រោយពីមានសេចក្ដីព្រាងគោលការណ៍ណែនាំខាងលើ និងដោយមានការអនុញ្ញាតិពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួចមក នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយ នៃគោលការណ៍ណែនាំស្តីពី កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដែលមានការចូលរួមពីសិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ តំណាងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីនិស្សិត សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមាណ ៣០០នាក់។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីពិគ្រោះយោបល់ចុងក្រោយ លើគោលការណ៍ណែនាំស្តីពី កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ ដែលនឹងត្រូវបានប្រើប្រាស់ ជាមូលដា្នន លើកទឹកចិត្តដល់អ្នកផ្តល់កម្ចីនិស្សិតទាំងអស់ រៀបចំឱ្យមានគម្រោងកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ ជាមួយនឹងការផ្តល់លក្ខខណ្ឌកម្ចីមួយ ដែលមានលក្ខណៈ សមស្របដល់បុគ្គលិក សិស្ស-និស្សិត និងក្រុមគ្រួសារអាចមានលទ្ធភាពខ្ចីបាន និងជាជំនួយក្នុងការតម្រង់ទិសដល់បុគ្គលិក សិស្ស-និស្សិត និងក្រុមគ្រួសារ ដែលមានបំណង និងចាប់អារម្មណ៍លើកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍។
អង្គសិក្ខាសាលាបានពិភាក្សា និងឈានដល់ការឯកភាពរួមគ្នា ដូចខាងក្រោម៖
១៖ អង្គសិក្ខាសាលាបានគាំទ្រលើការរៀបចំគោលការណ៍ណែនាំស្តីពី កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងបានឯកភាពជំរុញរៀបចំឱ្យមានគម្រោងកម្ចីនិស្សិត សម្រាប់វិស័យទេសចរណ៍ឲ្យបានឆាប់ ដោយរាល់គម្រោងកម្ចីសម្រាប់និស្សិត ក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវមានការកំណត់រយៈពេលខ្ចីឲ្យបានច្បាស់លាស់ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ត្រូវធ្វើអធិការកិច្ចឲ្យបានទៀងទាត់ ត្រូវបកស្រាយពន្យល់ឲ្យបានច្បាស់ពីលក្ខខណ្ឌតម្រូវផ្សេងៗ ទាក់ទងទៅនឹងកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ សំដៅឲ្យមានការផ្តល់ព័ត៌មានច្បាស់លាស់ ប្រកបដោយគុណភាព តម្លាភាព និងសុច្ចរិតភាពដល់អ្នកស្នើសុំកម្ចីនិស្សិត ត្រូវមានការជំរុញឃោសនាផ្សព្វផ្សាយកម្ចី សម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ឲ្យបានទូលំទូលាយ ត្រូវជំរុញ និងអភិវឌ្ឍឲ្យមានការ ផ្តល់កម្ចីនិស្សិតជាមួយនឹងការប្រាក់ទាប សម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងត្រូវរៀបចំឲ្យមានបញ្ជីរាយនាមអ្នកផ្តល់កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងត្រូវរៀបចំឲ្យមានការលើកទឹកចិត្តដល់អ្នកផ្តល់កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ពានរង្វាន់អ្នកផ្តល់ និងអ្នកធានាកម្ចីនិស្សិតឆ្នើមប្រចាំឆ្នាំ។
២៖ អង្គសិក្ខាសាលាបានកត់សម្គាល់ជាយុទ្ធសាស្រ្តកម្ចីសិក្សាក្នុងជំនាញទេសចរណ៍មាន ២ប្រភេទ រួមមាន៖ កម្ចីផ្តល់ដោយគ្រឹះស្ថានហិរញវត្ថុផ្តល់ប្រាក់កម្ចី និងហិរញ្ញវត្ថុទ្រទ្រង់ការសិក្សា ដែលមានលក្ខណៈជាកម្ចី ដែលផ្តល់ដោយផ្ទាល់ពីក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ធុរកិច្ចក្នុងវិស័យទេសចរណ៍។
៣៖ អង្គសិក្ខាសាលាបានឯកភាពឱ្យមានការកំណត់លក្ខណៈសម្បត្តិ និងតួនាទីសម្រាប់អ្នកផ្តល់កម្ចី ដោយតម្រូវឱ្យបំពេញតាមលក្ខខណ្ឌ និងបានកត់សម្គាល់ពីតួនាទីរបស់អ្នកស្នើសុំកម្ចី ដោយត្រូវពិនិត្យមើលឱ្យបានប្រុងប្រយ័ត្នបំផុត លើអត្រាការប្រាក់ សោហ៊ុយផ្សេងៗ និងលក្ខខណ្ឌទូទាត់សង សម្រាប់កម្ចីដើម្បីធានាបានថា ការជ្រើសរើសកម្ចីសម្រាប់សិក្សាសមស្របទៅនឹងលទ្ធភាព និងតម្រូវការរបស់ខ្លួន។
៤៖ អង្គសិក្ខាសាលាបានឯកភាព និងគាំទ្រលើយន្តការស្ថាប័នសម្រាប់ធានាដល់ការដំណើរការសម្របសម្រួល និងជំរុញការអនុវត្តគោលការណ៍ស្តីពី កម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ ដោយបានអបអរសាទរ និងឯកភាពលើការបង្កើតក្រុមការងារជំរុញការអនុវត្តគម្រោងកម្ចី សម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ ដែលក្រសួងទេសចរណ៍បានបង្កើតឡើង ជាពិសេសគាំទ្រលើការរៀបចំឲ្យមានកិច្ចព្រមព្រៀងស្តីពី ការជំរុញ គាំទ្រ និងធានាលើកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ តាមរយៈការព្រមព្រៀងរវាងក្រសួងទេសចរណ៍ គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីនិស្សិត គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សមាគមទេសចរណ៍ ដែលជាតំណាងប្រតិបត្តិករទេសចរណ៍ និងធុរកិច្ចក្នុងវិស័យទេសចរណ៍ និងសហព័ន្ធសហភាពយុវជនកម្ពុជា។ជាមួយជាគ្នានេះ អង្គសិក្ខាសាលាបានកើតសរសើរ ចំពោះការគិតគូរខ្ពស់របស់ក្រសួងទេសចរណ៍ ក្នុងការជំរុញសម្របសម្រួលឲ្យមានគម្រោងនិស្សិតក្នុងវិស័យទេសចរណ៍ ដែលនឹងចូលរួមចំណែកដល់ការកសាងធនធានអ្នកជំនាញ ក្នុងឧស្សាហកម្មទេសចរណ៍ ដែលត្រូវការប្រមាណជាង ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។
គួរកត់សម្គាល់ថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ២,២៨៤,៦៣០នាក់ កើនឡើង ១២.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕