(ភ្នំពេញ)៖ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ទីរពិសោធន៍ចល័ត និងមន្រ្តីពាក់ព័ន្ធ បន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញចំនួន២៩មុខ ដាក់តាំងលក់នៅផ្សារស៊ិនធើរីផ្លាហ្សា នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ តបតាមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។
លោក ទិត សុខហ៊ីម អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីចុះត្រួតពិនិត្យរួចមក មន្រ្តីរបស់លោករកមិនឃើញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទនោះទេ។ ទំនិញដែលមន្រ្តីកាំកុងត្រូលចុះពិនិត្យនេះរួមមាន៖ ជ្រក់ស្ពៃ គ្រឿងសមុទ្រ ស្ករត្នោត បន្លែ ប្រហិត សាច់គុយទាវ និងមីជាដើម។
លោកថា មូលហេតុដែលរកមិនឃើញនោះ ដោយសារតែក្រុមអាជីវករទាំងឡាយមានការយល់ដឹងច្រើនលើមុខទំនិញ នៅពេលដែលពួកគេយកមកដាក់លក់។
ជាមួយគ្នានេះ លោកអនុប្រធាន ក៏បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ លើការលក់ និងទិញទំនិញដើម្បីចូលរួមការពារសុវត្ថិភាពចំណីអាហារ ព្រមទាំងការចូលរួមថែរក្សាសុខភាពពលរដ្ឋទាំងអស់គ្នា៕