(ភ្នំពេញ)៖ ក្រុមជនជាតិចិន៣១នាក់ទៀតហើយ ដែលពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធ Online ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានចាប់ខ្លួន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ប្រតិបត្ដិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅ៣គោលដៅផ្សេងគ្នា ដែលស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន គោលដៅទាំង៣ ដែលកម្លាំងជំនាញបានចុះទៅឃាត់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាព គំរាមកំហែងជំរិតទារប្រាក់ (VOIP) នៅប្រទេសចិននោះរួមមាន៖
ទី១៖ សណ្ឋាគារ Phnom Penh Helina Hotel បន្ទប់លេខ១០៤-១០៥-១០៦-២០២ មានទីតាំងស្ថិតនៅផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ឃាត់បានជនជាតិចិន០៨នាក់ ស្រី០៣នាក់។
ទី២៖សណ្ឋាគារ Phnom Penh Mekong View Tower បន្ទប់១៥០១ និងVIP មានទីតាំងស្ថិតនៅផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់បានជនជាតិចិន១៨នាក់ ស្រី០៤នាក់។
និងទី៣៖សណ្ឋាគារ Phnom Penh Diamond Apartment បន្ទប់៥៥៥ មានទីតាំងស្ថិតនៅអាគារលេខ៤៣ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ឃាត់បានជនជាតិចិន០៥នាក់។
ក្រោយបញ្ចប់ប្រតិបត្តិការជនជាតិចិនទាំង៣១នាក់នោះ ត្រូវបានបញ្ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដទៀត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ក៏បានបណ្តេញចេញជនជាតិចិនជាង៧០នាក់ផងដែរ ដែលពាក់ព័ន្ធបទល្មើសមួយនេះ៕