(កំពង់ឆ្នាំង)៖ ជុំវិញរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅស្រុករលាប្អៀ, លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះថា សង្ស័យប្លន់សម្លាប់យករថយន្ដម៉ាក Highlander ដោយជនរងគ្រោះជាអ្នកបើករថយន្ដតាក់ស៊ី ពីខេត្តពោធិ៍សាត់ ទៅរាជធានីភ្នំពេញ។
បើតាមលោកស្នងការ បុរសជាជនរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាលនោះ ឈ្មោះ អៀង ចិត្រា ហៅចិត្ត អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដោយឡែករថយន្ដដែលជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-1125។
សូមរំលឹកថា មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ រួចអូសទម្លាក់ចោលនៅលើដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវអាលុងចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច បានចុះទៅពិនិត្យ នៅកន្លែងកើតកើតហេតុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់៕