(សៀមរាប)៖ ជនសង្ស័យដែលបានយកឈ្មោះអាជ្ញាធរជាតិអប្សរា ទៅឆបោកប្រាក់ពីប្រជាពលរដ្ឋ៨នាក់ ជាថ្នូរបានចូលធ្វើការនៅអាជ្ញាធរអប្សរា ត្រូវបានឃាត់ខ្លួន នឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកវរសេនីយឯក ភឹង ចិន្តារ៉េត ស្នងការង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាម ឲ្យដឹង នៅព្រឹកទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ឈ្មោះ ចៀន សម្បត្តិ អាយុ៣៦ឆ្នាំ កើតនៅភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មានទីលំនៅស្នាក់ ភូមិ ស្លក្រាម សង្កាត់ ស្លក្រាម ក្រុងខេត្តសៀមរាប មុខរបរអតីតមន្រ្តីអាជ្ញាធរជាតិអប្សរា។ ជននេះបានយកឈ្មោះអាជ្ញាធរជាតិអប្សរា ទៅឆបោកប្រាក់ ពីប្រជាពលរដ្ឋ៨នាក់ ជាថ្នូរបានចូលធ្វើការ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
លោកវរសេនីយឯក ភឹង ចិន្តារ៉េត បានបន្តថា ករណីឆបោនេះបានកើតឡើងនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ បន្ទាប់ពីលោក គង់ មកត ប្រធានស្តីទីសណ្តាប់ធ្នាប់ នៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ចៀន ស្បត្តិ ពីបទយកឈ្មោះអាជ្ញាធរជាតិអប្សរា ដើរឆបោកលុយប្រជាពលរដ្ឋ ចំនួន៨នាក់ យកលុយប្រាំបីលានរៀល ជាថ្នូបានចូលធ្វើការនៅអាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះចំនួន២នាក់ ឈ្មោះ មុន សាណា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ឃ្លិញ សោហឺ ភេទប្រុស អាយុ២១ឆ្នាំ បានប្តឹងជនសង្ស័យ ឈ្មោះ ចៀន សម្បត្តិ ពីបទឆបោកយកប្រាក់សរុប៣,៦០០ដុល្លារអាមេរិក ជាថ្នូរបានចូលបម្រើការជានគរបាលអង្គភាពបេតិកភ័ណ្ឌ។
លោកវរសេនីយឯក ភឹង ចិន្តារ៉េត បានបញ្ជាក់ទៀតថា ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានឆបោកលុយ ដូចដែលគេប្តឹងទាំងពីរករណីខាងលើប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាកាដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕