(ភ្នំពេញ)៖ នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុននាំមុខគេផ្នែកសាវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា និងលំដាប់ពិភពលោក មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ ក្នុងន័យលើកកម្ពស់សុខភាព និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក៏ដូចជាបុគ្គិលិក លើសពីនេះគឺដើម្បីសហការគ្នាឲ្យបានកាន់តែល្អជាងនេះទៅទៀត ដែលនេះអាចបង្ហាញពីវិស័យកីឡាបាល់ទាត់នៅកម្ពុជា កំពុងតែមានការគាំទ្រ និងចូលចិត្តលេងគ្រប់វ័យ មិនថាក្មេងនិងចាស់ឡើយ។
កម្មវិធីប្រកួតកីឡាបាល់ទាត់លើកទី៣ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានការចូលរួមពី លោក Robert Eliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ, លោក ជឿន រតនៈឧត្តម ប្រធានគណៈកម្មការរៀបចំកម្មវិធី រួមនឹងថ្នាក់ដឹកនាំមួយចំនួន និងបុគ្គលិក ដែលស្រឡាញ់វិស័យបាល់ទាត់ទាំងអស់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅ Premium Sport Club។
ក្នុងឱកាសនៃការប្រកួតបាល់ទាត់នោះ លោក Robert Eliott បានឲ្យដឹងថា «ខ្ញុំមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ រៀបចំកម្មវិធីប្រកួតបាល់ទាត់នេះរយៈពេល ៣ឆ្នាំ ជាប់គ្ន។ ខ្ញុំពិតជាមានមានមោទនភាពដែលបានឃើញចំនួននៃកីឡារបស់យើងមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងពី៧២នាក់ កាលពីឆ្នាំ២០១៥ ដល់៩៦នាក់ កាលពីឆ្នាំ២០១៦ និង ១២៨នាក់ ក្នុងឆ្នាំ២០១៧ នេះ»។
លោកបន្ថែមថា «កំណើននៃការលេងកីឡានេះ បញ្ជាក់ឲ្យឃើញពីការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើង ក្នុងការគាំទ្រដល់សុខភាព និងមិត្តភាពក្នុងក្រុម»។ លើសពីនេះ លោកក៏បានស្នើឲ្យមានបុគ្គលិកក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន ដែលជានារីឲ្យចូលរួមលេងកីឡាទាំងអស់គ្នា គឺដើម្បីសុខភាព និងមិត្តភាពផងដែរ។
សម្រាប់ លោក ជឿន រតនៈឧត្តម បានលើកឡើងទាំងការរីករាយថា «យើងខ្ញុំរីករាយយ៉ាងខ្លាំងដោយមានការចូលរួម និងសហការគ្នាល្អពីសំណាក់ក្រុមការងារ អ្នកចូលរួមទាំងអស់ ក្នុងការខិតខំបង្កើតព្រឹត្តការណ៍ ពានរង្វាន់បាល់ទាត់ មេនូឡាយហ្វ៍២០១៧ ឲ្យលេចជារូបរាងឡើង។ កម្មវិធីនេះ មិនត្រឹមតែរឹតចំណងសាមគ្គីភាព និងសុខុមាលភាពរបស់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់វិស័យកីឡាបាល់ទាត់ ឲ្យកាន់តែរីកចម្រើនថែមទៀតផង»។
មេនូឡាយហ្វ៍ តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាព និងសុខុមាលភាពក្នុងសហគមន៍ ហើយចាប់តាំងពីក្រុមហ៊ុននេះបានចូលមកកម្ពុជានៅក្នុងឆ្នាំ២០១២។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់សហគមន៍កម្ពុជា តាមរយៈសកម្មភាពសង្គម និងការឧបត្ថម្ភនានារបស់ខ្លួន ហើយក៏ជាម្ចាស់ឧបត្ថម្ភធំផងដែរ សម្រាប់ព្រឹត្តការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តផងដែរ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់របស់ក្រុមហ៊ុន ធានារ៉ាប់រង មេនូឡាយហ្វ៍ ខេមបូឌា ដែលជាការប្រកួតលំដាប់ពិភលោកនេះ នឹងប្រព្រឹត្តទៅរយៈពេល១៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃប្រកួតដំបូងនេះ រហូតដល់ខែធ្នូ ឆ្នាំ២០១៧ខាងមុខ៕