(ភ្នំពេញ)៖ «តំបន់ប្រាសាទសំបូរព្រៃគុក» ដែលកាលពីអំឡុងពេលនៃប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមស៊ីវិល ស្ថិតនៅក្នុងភាពឯកោ និងមានការគំរាមកំហែង ពីធម្មជាតិផងនោះ ឥឡូវនេះក្រុមប្រាសាទដែលបានកសាងទ្បើងដោយ ព្រះបាទឥសាវរ្ម័នទី១ ក្នុងស.វទី៧ នៃ គ.ស.លែងមានភាពឯកោទៀត ហើយដោយត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចតាមរយៈ DECISION 41 COM 88.15 បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃ តំបន់ប្រាសាទសំបូរព្រៃគុក មានគុណតម្លៃលេចធ្លោជាសកល ហើយបានសម្រេចចុះ តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «តំបន់ប្រាសាទសំបូរព្រៃគុក» បាននិងកំពុងរះនិងបង្ហាញខ្លួន យ៉ាងខ្ពស់ត្រដែតនៅក្នុងនាមប្រជាជាតិខ្មែរ ដែលធ្លាប់តែមានអរិយធម៌ដរុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាមានសន្ដិភាពពេញលេញ» ហើយ។

ការសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាមោទនភាព រួមរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាស្នាដៃរួមរបស់ អ្នកជំនាញមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ។ ការសម្រេចនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត រួមបន្ថែមលើសមិទ្ធិផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចនាពេលកន្លងមកនៅក្នុងការដាក់សម្បត្តិបេតិកភណ្ឌ​ ដែលកម្ពុជាមានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនៅក្នុងនោះរួមមាន៖ ១-រមណីយដ្ឋាន អង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២, ២-របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ៣-ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ៤-ប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨, ៥-បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះបញ្ជីនៃការចងចាំពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩, ៦-ប្រពៃណីនិទានរឿងរាមកេរ្តិ៍ តាគ្រុឌ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤ ៧-ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ និង ៨-ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។

សមិទ្ធិផលជាប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិដ៏មានសារៈសំខាន់ទាំងអស់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ មោទនភាពជាតិ និងមោទនភាព
វប្បធម៌ ព្រមទាំងកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់កម្ពុជា នៅពេញពិភពលោកក្នុងនាមជា «ព្រះរាជាណាចក្រ នៃវប្បធម៌» នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការដាក់ចុះអនុវត្តនូវនយោបាយ «ឈ្នះ-ឈ្នះ» ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍នៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពទឹកដី ឯកភាពជាតិជូនប្រជាជាតិខ្មែរទាំងមូល។ សន្តិភាព បានអនុញ្ញាតឱ្យកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល សោកនាដកម្ម ប្រជាជនរស់នៅហែលឆ្លងកាត់ដោយឈាម និងទឹកភ្នែក ការសម្លាប់រង្គាលដោយរបបខ្មែរក្រហម ប៉ុល ពត មានឱកាសស្តារ និងកសាងប្រទេសឡើងវិញ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះដ៏ល្អនៅលើឆាកអន្តរជាតិ ទាំងលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងវប្បធម៌។

​ជាមួយសករាជថ្មីក្រោយសន្តិភាពពេញលេញ កម្ពុជាត្រូវបានគេស្គាល់ថាជា «ព្រះរាជាណាចក្រវប្បធម៌» ព្រោះសម្បូណ៌ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ មានប្រាង្គប្រាសាទរាប់ពាន់ និងសម្បត្តិបេតិកភណ្ឌរូបី និងអរូបីជាច្រើនរាប់មិនអស់។ កម្ពុជាបានចាកចេញពីប្រទេសដែលគេធ្លាប់ស្គាល់ថាជា «វាលពិឃាត» មកជា «ព្រះរាជាណាចក្រនៃវប្បធម៌» ហើយសម្បត្តិវប្បធម៌ទាំងនេះបានក្លាយជាបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិទាំងមូលថែមទៀត។ នេះគឺពិតជាមោទនភាពជាតិដ៏ធំសម្បើម មិនអាចកាត់ថ្លៃបានឡើយ។ ហេតុអ្វីបានជាប្រជាជនកម្ពុជាត្រូវតែមាន មោទនភាពជាតិ និងមោទនភាពវប្បធម៌?

កម្ពុជាដែលសម្បូណ៌ទៅដោយកេតនភណ្ឌជាតិ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការស្នើសុំដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នូវសម្បត្តិវប្បធម៌របស់ខ្លួន។ កេរ្តិ៍ឈ្មោះកម្ពុជាបានល្បីរន្ទឺនៅលើពិភពលោក ហើយប្រជាជាតិខ្មែរទាំងមូល ពិតជាមានមោទនភាពដែលបានកើតនៅលើទឹកដី នៃព្រះរាជាណាចក្រនៃវប្បធម៌នេះ។ ដោយរាប់ត្រួសៗ

១៖ យើងមានមោទនភាពដោយសារតែភាពល្បីល្បាញរបស់ប្រាង្គប្រាសាទអង្គរវត្ត
២៖ យើងមានមោទនភាពដោយសារកម្ពុជាខិតខំតស៊ូទាំងផ្លូវការទូត និងច្បាប់ និងដណ្តើមជ័យជម្នះលើភាគីថៃលើរឿងក្តីប្រាសាទព្រះវិហារ
៣៖ យើងមោទនភាពដោយសារភាពសំបូរនៃវប្បធម៌រុងរឿងហើយតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាទ្រព្យសម្បត្តិមនុស្សជាតិ
៤៖ យើងនឹងបន្តមានមោទនភាពបន្ថែមទៀតនៅពេលដែលសម្បត្តិវប្បធម៌រូបី និងអរូបីរបស់កម្ពុជាមួយចំនួនទៀត នឹងអាចត្រូវបានស្នើសុំជាបន្តបន្ទាប់ ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ប្រយោជន៍មនុស្សជាតិទាំងមូល។

ប្រសិនបើគ្មានសន្តិភាពទេ មោទនភាពជាតិខ្មែរ និងមោទនភាពវប្បធម៌ទាំងនេះ ក៏មិនកើតមានឡើងឡើយ។ ប្រជាជនកម្ពុជាខ្លះអាចគិតថា នេះគឺជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល បេតិកភណ្ឌពិភពលោកទាំងនេះ មានជាតម្លៃវប្បធម៌សកលមួយមិនអាចកាត់ថ្លៃបាន។ ហេតុដូច្នេះហើយបានជាយើងត្រូវ ជាជាតិខ្មែរត្រូវមានមោទនភាពជាតិ ហើយវប្បធម៌គឺជាកិច្ចការងារទូតមួយយ៉ាងមានប្រសិទ្ធភាពបំផុត។

កាលដែល «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងទទួលស្គាល់ថា ជាស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសកលដ៏ចំណាន ជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជា សម្រាប់សម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។ ការចុះបញ្ជីនេះនឹងតម្រូវឱ្យកម្ពុជា និងសហគមន៍អន្តរជាតិទាំងមូលមានកាតព្វកិច្ច សហប្រតិបត្តិការជាមួយគ្នាការពារនូវបេតិកភណ្ឌសកលនេះ ហើយថែរក្សាជាសម្បត្តិវប្បធម៌ដែលជាកេរ្តិ៍មរតកសម្រាប់ មនុស្សជំនាន់ក្រោយ។ «តំបន់ប្រាសាទសំបូរព្រៃគុក» គឺជាបេតិកភណ្ឌខ្មែរទី៣ ហើយដែល ទទួលបាននូវលក្ខន្តិកៈដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូរនេះ បន្ទាប់ពីតំបន់ប្រាសាទអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក នៅឆ្នាំ១៩៩២ និង ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបេតិកណ្ឌពិភព លោកនៅឆ្នាំ២០០៨។

​នៅក្នុងសារលិខិតជូនជនរួមជាតិខ្មែរអបអរសាទរការដាក់ តំបន់ប្រាសាទសម្បូណ៌ព្រៃគុកចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​​​៖ «ជាការពិតការចុះបញ្ជីនេះ គឺជាមហាសមិទ្ធផល និងជាកិត្យានុភាពដ៏ខ្ពង់ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា រយៈពេលជាង៣០ឆ្នាំកន្លងមកនេះក្នុងការ ស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវសុខសន្តិភាព ការបង្រួមបង្រួមជាតិ និងភាពសុខដុមរមនា ក៏ដូចជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យរួមទាំងការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីមិនអាចកាត់ថ្លៃបានរបស់ជាតិកម្ពុជាយើងផងដែរ។

ក្រៅពីមានមោទនភាពជាតិ ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់នៃបេតិកភណ្ឌ ជាពិសេសយុវ​ជន​ជំនាន់ក្រោយ​ត្រូវចេះ​ថែរក្សា និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​ដែលដូនតាបាន​បន្សល់ទុកជាច្រើន​សតវត្សរ៍មកហើយ។ កម្ពុជា​មិនមែន​មាន​តែ​រមណីយដ្ឋាន​អង្គរ​ ឬតំបន់ប្រាសាទសំបូរព្រៃគុកមួយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​កម្ពុជា​នៅ​មាន​រមណីយដ្ឋាន​មាន​តម្លៃ​ជាច្រើន​ផ្សេង​ទៀត​ ដូចជា រមណីយដ្ឋាន​កោះកែរ ប្រាសាទ​ព្រះវិហារ អង្គរបុរី ភ្នំជីសូរ ជាដើម។ បេតិកភណ្ឌ​ដ៏​ពិសិដ្ឋ​ទាំងអស់​នេះ​ អាច​នឹង​រលាយ​បាត់បង់ ប្រសិន​បើ​យុវជន​​មិន​បាន​បំពេញ​កាត្វកិច្ច​ការពារ​ និង​ថែរក្សា​បេតិកភណ្ឌ​ទាំង​នោះ​ទេ។ យើងទាំងអស់គ្នាត្រូវបង្កើនការ​យកចិត្ត​ទុកដាក់​ស្វែងយល់​ និង​ស្គាល់​ពី​តួ​​នាទី​ចម្បង​របស់​ខ្លួន​ក្នុង​ការ​ការពារ​ ថែរក្សា​វប្បធម៌​ប្រពៃណី​ ទំនៀម​ទំលាប់ និង​អត្តសញ្ញាណ​ជាតិ​ ពីព្រោះយុវជនជំនាន់ក្រោយគឺជា​ខ្សែចំណង​តភ្ជាប់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ និង​ជា​អ្នក​ការពារ​ទប់ទល់​ការ​បាត់បង់​អត្ត​សញ្ញាណ​ជាតិ​ដោយសារ​តែ​ចរន្ត​សាភាវូបនីយកម្ម»

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាជនទូទាំងប្រទេសកម្ពុជានឹងចូលរួមអបអរសាទរការ ដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភលោក ហើយកម្មវិធីជាផ្លូវការនឹងប្រារព្ធឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានអ្នកចូលរួមអបអរប្រមាណ ១០០០០នាក់។
យើងទាំងអស់គ្នាចូលរួមអបអរសាទរ ​ការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកនេះ​​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រកបដោយមោទនភាពជាតិបំផុត។ យើងជាប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពជាតិរួមគ្នា ទោះមាននិន្នាការនយោបាយផ្សេងគ្នា ហើយសូមចូលរួមអភិរក្សការពារតំបន់ប្រាសាទសំបូរព្រៃគុក និងបេតិកភណ្ឌផ្សេងៗ ដែលខ្មែរមានដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋខ្មែររាប់ជំនាន់តទៅមុខទៀតក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល ហើយមោទនភាពជាតិដែលពលរដ្ឋខ្មែរមាននេះ មិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពឡើយ។ ដូច្នេះយើងត្រូវមានមោទនភាព និងរួមគ្នាជ្រោងទង់សន្តិភាព ដែលយើងកំពុងមាន ហើយត្រូវពង្រឹងឡើងវិញនូវព្រលឹងជាតិខ្មែរនិយមជុំវិញភាពខ្លាំងរបស់ខ្មែរ ដោយក្នុងនោះ វប្បធម៌គឺជាផ្នែកមួយដ៏សំខាន់។ ព្រលឹងជាតិគឺធំជាងអ្វីៗទាំងអស់ ហើយយើងត្រូវចងចាំ និងផ្តល់តម្លៃខ្ពស់ចំពោះអ្នកដែលបានលះបង់ជីវិត យកជីវិតធ្វើដើមទុនដើម្បីតស៊ូធ្វើឱ្យជាតិរស់ឡើងវិញ រស់ឡើងដោយមោទនភាពដូចសព្វថ្ងៃនេះ។

ដោយ នេត្រ ភក្ត្រា ខ្លឹមសារទាំងអស់នៅក្នុងអត្ថបទនេះ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំបាទ មិនឆ្លុះបញ្ចាំងពីទស្សនៈយោបល់ ឬគោលជំហររបស់ស្ថាប័ននានា ដែលខ្ញុំបាទកំពុងបម្រើការងារឡើយ៕