(ភ្នំពេញ)៖ ទីបំផុត ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងអគារប៊ូឌីញ «ស» ទាំង៤៩៣គ្រួសារនោះ បានរេីសម្ភារចេញពីលំនៅដ្ឋាន និងទទួលយកប្រាក់សំណងគ្រប់គ្នាអស់ហើយ ហើយនៅម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អគារដ៏ចំណាស់នេះ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីវាយកម្ទេចអគារចាស់ មុនឈានទៅសាងសង់អគារថ្មី។
បើតាមលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ការអភិវឌ្ឍន៍អគារប៊ូឌីញពីចាស់ទ្រុឌទ្រោម ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយនៅកម្ពុជានេះ គឺត្រូវប្រើទុនវិនិយោគពី ៧០-៨០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានស្នើឲ្យប្រជាពលរដ្ឋរុះរើឥវ៉ាន់របស់ខ្លួន ចេញពីលំនៅដ្ឋានរបស់ខ្លួនឲ្យចប់សព្វគ្រប់ ក្នុងរយៈពេល១ខែកន្លះ ប៉ុន្តែការងារនេះប្រើរយៈពេលតែ១ខែប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៦ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា។
បើតាមមន្រ្តីក្រសួងរៀបចំដែនដី នៅព្រឹកម៉ោង៧ព្រឹកថ្ងៃចន្ទនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រុមហ៊ុន Arakawa របស់ជប៉ុន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អគារប៊ូឌីញនេះ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីវាយកម្ទេចអគារចាស់ មុនសាងសង់អគារថ្មី។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណពី ៧០-៨០លានដុល្លារអាមេរិក៕