(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះ ជនពិការដោយសារមីន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំសហការីនៃអាជ្ញាធរមីន ដង្ហែទៀនព្រះវស្សា រួមនិងគ្រឿងទេយ្យទានមួយចំនួន យកទៅប្រគេនព្រះសង្ឃក្នុងវត្តចំនួន ៧វត្ត នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រមទាំងបន្តដំណើរចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់គ្រួសារជនពិការ និងយោធិននិវត្តន៍ផងដែរ។
ក្រៅពីទៀនព្រះវស្សា និងគ្រឿងទេយ្យទានខាងលើ វត្តចំនួន៧នោះ ក៏ទទួលបានថវិកាសម្រាប់កសាងសមិទ្ធផលនានាចំនួន ៤០ម៉ឺនរៀល ក្នុងមួយវត្តៗដែរ។ មិនតែប៉ុណ្ណោះ លោកទេសរដ្ឋមន្រ្តី ក៏បានប្រគេនថវិកាជូនវត្តប្រាសាទត្បែងចំនួន ១លានរៀលថែមទៀត ដើម្បីទុកសម្រាប់កសាងសមិទ្ធផលក្នុងវត្ត រីឯប្រជាពុទ្ធបរិស័ទជិត ៥០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០,០០០រៀល។
បន្ទាប់ពីសកម្មភាពចូលរួមទំនុកបម្រុង និងកសាងសមិទ្ធផលក្នុងវិស័យពុទ្ធចក្រ លោកទេសរដ្ឋមន្រ្តី និងសហការី ក៏បានបន្តដំណើរចុះសួរសុខទុក្ខជនពិការមួយគ្រួសារ នៅភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ជាប់ជើងភ្នំដងរែក ដោយបានជូនសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ ព្រមទាំងទិញដំបូលស័ង្កសីប្រក់ផ្ទះជូនពួកគាត់ផងដែរ។
ក្រោយមក លោកបានបន្តដំណើរទៅមើលអាងទឹកមួយកន្លែង ក្នុងភូមិថ្មរមៀល ដែលផ្ទុកទឹកសម្រាប់ឲ្យប្រជាពលរដ្ឋ មួយភូមិនេះប្រើប្រាស់ ព្រោះឮលោកមេឃុំ មេភូមិជម្រាបថា ផ្នែកមួយចំនួននៃទំបន់អាងទឹកកំពុងធ្លាយចេញ។ នៅពេលចុះទៅដល់កន្លែងជាក់ស្ដែង ក្រុមការងារបានពិនិត្យឃើញថា ត្រូវចំណាយថវិកាប្រមាណពី ៥០០-១,០០០ដុល្លារ ទើបអាចជួសជុលបិទប៉ះទំបន់នេះបានដូចដើមវិញ។
ក្រៅពីនេះ លោកបានឆ្លៀតឈៀងចូលសួរសុខទុក្ខគ្រួសារយោធិននិវត្តន៍មួយគ្រួសារ ដែលកំពុងជួបការលំបាកគ្មានទីជម្រក ស្នាក់នៅសមរម្យ ហើយលោកក៏បានជូនអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ១០០ដុល្លារ ទុកសម្រាប់ ប្រើប្រាស់តាមការគួរ ព្រមទាំងបានរកទិញដីជូនគាត់ សម្រាប់សាងសង់លំនៅឋានផងដែរ។
សរុបថវិកាដែលលោកទេសរដ្ឋមន្រ្តី បានប្រគេនជូនទីវត្តអារាម ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ កងកម្លាំងការពារសន្តិសុខ ក្រុមប្រឹក្សាឃុំ ប្រធាន-អនុប្រធានៅភូមិ ឧបត្ថម្ភដល់ពិការ យោធិននិវត្តន៍ ប្រេងម៉ាស៊ូត គ្រឿងទេយ្យទានទុកសម្រាប់ ប្រើប្រាស់ក្នុងវត្តនោះ មានចំនួន ១៦,៧៣៦,០០០រៀល៕