(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណបក្សខេត្ត និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនី និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា គណបក្សប្រជាជន ដែលជាគណបក្សរបស់ប្រជាជន តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន ដៃម្ខាងកសាងប្រទេស និងការពារប្រជាជន រក្សាសន្តិសុខ ស្វែងរកសន្តិភាពជូនប្រទេស តាមរយៈកិច្ចចចារសន្តិភាពបង្រួមបង្រួមជាតិ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមគ្រួសារម៉ូតូឌុប នៅស្រុកក្រគរ ប្រមាណ៣៤១នាក់ នៅស្នាក់ការគណបក្សស្រុកក្រគរ ព្រមទាំងបានអំពាវនាវឲ្យបន្តបោះឆ្នោតគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខទៀត។

លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងយ៉ាងដូច្នេះថា «គណបក្សប្រជាជន ដែលជាគណបក្សរបស់ប្រជាជន តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន ដៃម្ខាងកសាងប្រទេស និងម្ខាងទៀតការពារប្រជាជន រក្សាសន្តិសុខ ស្វែងរកសន្តិភាពជូនប្រទេស តាមរយៈកិច្ចចចារសន្តិភាពបង្រួមបង្រួមជាតិ»។

ថ្នាក់ដឹកនាំទាំង២បានបន្តថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស សង្គ្រាមផ្ទៃក្នុងខ្មែរ និងខ្មែរត្រូវបានបញ្ចប់ ធ្វើឱ្យគណបក្សប្រជាជន មានពេលវេលាកសាងបានមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើគ្រប់វិស័យ។ បន្ថែមពីនោះទៀត សម្តេចបានសម្រេចអនុគ្រោះមិនយកពន្ធលើកការផ្ទេរកម្មសិទ្ធិដីធ្លី គ្រឿងបរិក្ខាបម្រើដល់វិស័យកសិកម្ម ការប្រែក្លាយតំបន់សមរភូមិប្រយុទ្ធ ទៅជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីសម្រួលជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ បានថ្លែងអំណរគុណដល់ក្រុមគ្រួសារម៉ូតូឌុប ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកក្រគរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយទទួលបានលទ្ធផលឈ្នះដាច់ និងធ្វើការអំពាវនាវសុំឱ្យបន្តបោះឆ្នោតផ្តល់ការទុកចិត្ត ដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ខាងមុខទៀត។

ថ្នាក់ដឹកនាំទាំង២បានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានស្នាដៃធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចម្រើនលើគ្រប់វិស័យ និងនៅជាមួយប្រជាជនគ្រប់កាល:ទេស:ទាំងអស់ មិនចេះសន្យាចោលទេ។

ក្រុមគ្រួសារម៉ូតូឌុបបានប្តេជ្ញាគាំទ្រ និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ និងទទួលយកលោក ម៉ៅ ធនិន ធ្វើជាមេគ្រួសារ ព្រមទាំងចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំងអស់គ្នា៕