Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនឆ្លងដែន! សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា២នាក់ ជាមួយថ្នាំញៀន១៨៩កញ្ចប់ នាំចូលពីប្រទេសកូឡំប៊ី ហុងកុង និងថៃ

16-07-2017 18:32

(ភ្នំពេញ)៖ ថ្នាំញៀនប្រភេទកូកាអ៊ីនចំនួន ១៨៩កញ្ចប់ ទម្ងន់ជាង១គីឡូក្រាម ដែលនាំមកដល់ប្រទេសកម្ពុជាពីប្រទេសកូឡំប៊ី ហុងកុង និងប្រទសថៃនោះ ត្រូវបានជាប់ក្នុងដៃកម្លាំងសមត្ថកិច្ចកម្ពុជា រួមជាមួយជនសង្ស័យចំនួន ២នាក់ ជាជនជាតិនីហ្សេរីយ៉ា និងវត្ថុតាងមួយចំនួន។

បើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន (ក១) បានបង្ហាញថា ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលថ្នាំញៀនទាំងនេះ គឺត្រូវបាននាំចូលពីប្រទេសកូឡំប៊ី ហុងកុង និងប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា តាមក្រុមហ៊ុនបញ្ញើមួយ ដោយលាក់បង្កប់ក្នុងក្រដាសគ្រឿងអលង្ការកាឡៃ នៅចំណុចមុខផ្ទះលេខ៧៦ (បុរីពិភពថ្មី២) ផ្លូវលេខ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចកន្លែងលាងរថយន្ត តាមផ្លូវវេងស្រេង។

របាយការណ៍បានបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួន ២នាក់ និងបានរឹបអូសថ្នាំញៀនប្រភេទកាកូអ៊ីនចំនួ​ន ១៨៩កញ្ចប់ ទម្ងន់ជាង១គីឡូក្រាម ព្រមទាំងសម្ភារដកហូតបាន ទូរសព្ទដៃ៣គ្រឿង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត។

ជនជាតិនីហ្សេរីយ៉ាទាំង២នាក់នោះមានឈ្មោះ Okoro Chukwuka Boniface ហៅ Vana Lin អាយុ២៨ឆ្នាំ ជាអ្នកទទួលគ្រឿងញៀន និងឈ្មោះ Obiora Dozie Frank អាយុ៣៣ឆ្នាំ ជាមេខ្លោងគ្រឿងញៀន៕