(ភ្នំពេញ)៖ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងមកទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃនៅសប្តាហ៍ក្រោយនេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា។
លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។
លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏នឹងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
ក្រោយជំនួបសម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ង្វៀន ហ៊្វូជុង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ នាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក កាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនោះ ក្រៅពីពិភាក្សាលើការរឹតចំណងមិត្តភាពហើយនោះ ក៏មានកិច្ចព្រមព្រៀង និងពិធីសារមួយចំនួនត្រូវបានចុះហត្ថលេខាផងដែរ។
ក្នុងដំណើរបំពេញទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមមកកម្ពុជានៅសប្តាហ៍ក្រោយនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកថាជាការបញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរលង់រវាងប្រទេសទាំងពីរ ដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕