(ភ្នំពេញ)៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បានថ្លែងថា គ្រប់គណបក្សនយោបាយទាំងអស់សុទ្ធតែត្រូវប្រឈមនឹងការរំលាយចោល និងផ្អាកសកម្មភាពរយៈពេល ៥ឆ្នាំ ប្រសិនបើពួកគេនៅតែបន្តទាក់ទង និងមានសកម្មភាពជាមួយទណ្ឌិត ទោះបីទំនាក់ទំនងនោះបើកចំហរ ឬ សម្ងាត់ក៏ដោយនោះ។ អនុភាពនេះ នឹងមានប្រសិទ្ធភាពក្រោយពេលច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើវិសោធនកម្មថ្មី ចូលជាធរមាន។
លោក សុខ ឥសាន្ត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះថា ច្បាប់ស្តីគណបក្សនយោបាយដែលធ្វើវិសោធនកម្មថ្មី នឹងមានសុពលភាពអនុវត្តភ្លាមៗ នៅពេលព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ ដោយសារតែច្បាប់នេះ ត្រូវបានប្រកាសជាការប្រញ៉ាប់។
អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយពេលច្បាប់នេះចូលជាធរមានរួចហើយ គ្រប់គណបក្សនយោបាយមិនមានសិទ្ធិផ្សារភ្ជាប់ ជាមួយទណ្ឌិតកម្រិតទោសមជ្ឈឹម និងទោសឧក្រឹដ្ឋជាដាច់ខាត ហើយបើនៅតែបន្តមានទំនាក់ទំនងទាំងបើកចំហរ និងសម្ងាត់ សុទ្ធតែប្រឈមមុខច្បាប់ដូចគ្នា។
លោក សុខ ឥសាន្ត បានបញ្ជាក់ដូច្នេះ «ក្នុងករណីគណបក្សនយោបាយណាមួយមានទំនាក់ទំនងជាមួយទណ្ឌិត ទោះសម្ងាត់ក្តី ចំហរក្តី ដែលមានចែងក្នុងច្បាប់ គណបក្សនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយត្រូវផ្អាកសកម្មភាព រយៈពេល ៥ឆ្នាំយ៉ាងតិច និងលុបឈ្មោះគណបក្សចេញពីបញ្ជីមិនឲ្យធ្វើសកម្មភាពនយោបាយតែម្តង»។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀចចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភាអនុម័តជាស្ថាព័រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ ច្បាប់ថ្មីនេះ អាចនឹងត្រូវព្រឹទ្ធសភាយកទៅពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គសប្តាហ៍ក្រោយនេះហើយ។
ច្បាប់គណបក្សនយោបាយនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ។
បើទោះបីច្បាប់នេះមានវិសាលភាពគ្រប់ដណ្តប់គ្រប់គណបក្សនយោបាយកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែវាត្រូវបានគេមើលឃើញថា នឹងក្លាយជាកំបិតដ៏សែនមុតសម្រាប់គណបក្សសង្រ្គោះជាតិ ឲ្យកាត់ផ្តាច់ទំនាក់ទំនង ពីអតីតប្រធានគណបក្សចាស់ គឺលោក សម រង្ស៊ី ដែលបានក្លាយជាទណ្ឌិតក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
ច្បាប់ថ្មីនេះមិនត្រឹមតែមិនឲ្យអតីតមេបក្សប្រឆាំង ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់លែងមានទំនាក់ទំនងជាមួយ គណបក្សសង្រ្គោះជាតិនោះទេ តែវាក៏នឹងធ្វើឲ្យគណបក្សទទួលបន្ទុកចំណាយកាន់តែធំថែមទៀតក្នុងការផ្លាស់ប្តូរស្លាក គណបក្សចាស់នៅទូទាំងប្រទេស ដែលមានរូបលោក សម រង្ស៊ី ឈរកាន់ដៃជាមួយរូបលោក កឹម សុខា។
លោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សសង្រ្គោះជាតិ រងការប៉ះពាល់ផ្នែកហិរញ្ញវត្ថុអំពីការផ្លាស់ប្តូរស្លាកគណបក្សនេះនៅទូទាំងប្រទេស ប៉ុន្តែលោកស្រីជឿថា ទឹកចិត្តរបស់សមាជិកគ្រប់គ្នា នឹងអាចធ្វើឲ្យការផ្លាស់ប្តូរស្លាកគណបក្សនយោបាយនេះ ដំណើរការទៅជាបន្តបន្ទាប់៕