Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បែកធ្លាយឯកសារសំងាត់ចែក ភាគលាភរបស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ផ្សេងទៀត ជុំវិញបញ្ហាជម្លោះដីធ្លីនៅខេត្តព្រះសីហនុ

16-07-2017 16:37

(ភ្នំពេញ)៖ បន្ទាប់ពីលោក​មេធាវី ​ពុធ​ ធាវី​ និង​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើនដែល​អះអាង​ថា​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​នោះ នៅ​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ម្សិលមិញនេះ​ លោកមេធាវីបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​សាលាដំបូង​​ខេត្ត​ព្រះសីហនុ, ប៉ុន្តែនៅ ថ្ងៃអាទិត្យ ទី១៦ ខែកក្កដានេះ ពោលមួយថ្ងៃក្រោយធ្វើសន្និសីទកាសែត ឯកសារសំងាត់ មួយលើកិច្ចព្រមព្រៀងបែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ ត្រូវបានបែកធ្លាយពីសមាជិកមួយរូបក្នុងចំណោម៤១នាក់ ដែលមានឈ្មោះនៅក្នុងកិច្ចព្រមព្រៀងចែកភាគលាភ នារសៀលថ្ងៃអាទិត្យនេះ។

ឯកសារបែកធ្លាយនោះបានសរសេររៀបរាប់ថា៖ «ប្រការ៣៖ ផលលាភមុននឹងភាគី (ក) និងភាគី (ខ) យកមកធ្វើការបែកបែក៥០% ក្នុងម្នាក់ៗនោះ​ ឥឡូវនេះគូភាគីបាន ឯកភាពគ្នាបែកចែកចំណែកដល់សមាជិក ក្រុមការងារបងប្អូនជួយលើកាប់ឆ្ការព្រៃ ការឈូសឆាយ ធ្វើផ្លូវ ការចំណាយដាក់បង្គោល ភ្លើងអគ្គិសនី និងប្រព័ន្ធទឹក ដល់ទីតាំងដី ដែលមានឈ្មោះ(៤១នាក់) ដូចក្នុងលិខិតខាងក្រោម»។ ប្រការ៤៖ ដោយសំណុំរឿងនេះ ត្រូវបានពឹងពាក់មេធាវី ពុធ ធាវី នៅតុលាការ។ ភាគី (ក) ភាគី (ខ) ពុំមានប្រាក់បង់សេវាកម្មមេធាវី ដើម្បីឲ្យដំណើរការរឿងក្តីនៅតុលាការ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាប្រគល់ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ជាថ្នូរនៃកំរៃសេវាកម្មមេធាវី តាំងពីចាប់ផ្តើមនៃការងារក្តីរហូត ដល់ទីបញ្ចប់នៃរឿងក្តី»។

ឯកសារកិច្ចព្រមព្រៀងបែកចែកភាគលាភនេះ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដោយបានបញ្ជាក់នៅក្នុងប្រការ៧ យ៉ាងដូច្នេះថា៖ «គូភាគី និងសមាជិកទាំងអស់ ត្រូវរក្សាការសំងាត់នៃកិច្ចព្រមព្រៀង នេះជាដាច់ខាត»

ជុំវិញករណីនេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់មួយរូប (សុំមិនបញ្ចេញឈ្មោះ) បានលើកឡើងថា «មេធាវីមានសិទ្ធិទទួលយក កំរៃស្របច្បាប់ ពីតម្លៃសេវារបស់ខ្លួន ប៉ុន្តែមេធាវីពុំអាច បែងចែកផលប្រយោជន៍នៅលើដីកំពុងស្ថិតនៅក្នុងវិវាទដែលតុលាការ មិនទាន់កំណត់នូវភាពជាម្ចាស់ពិតប្រាកដនៅឡើយ»

ពាក់ព័ន្ធនឹងការបែកធ្លាយឯកសារសំងាត់ នៃកិច្ចព្រមព្រៀងបែងចែកផលប្រយោជន៍នេះ, អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីលោកមេធាវី ពុធ ធាវី បាននៅឡើយទេ គិតត្រឹមម៉ោង១៦៖០០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ ទោះបីយ៉ាងណាអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺជានិច្ចពីលោកមេធាវី។

ខាងក្រោមនេះជាឯកសារនៃកិច្ចព្រមព្រៀង បែកចែកផលប្រយោជន៍របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់៖