(កោះកុង)៖ ទូកនេសាទមួយគ្រឿងដែលមានមនុស្សជិះចំនួន ៥នាក់ ត្រូវបានខ្យល់ព្យុះបោកពន្លិចក្នុងសមុទ្រ នៅខេត្តកោះកុង ពេលនេសាទនៅក្បែរភ្នំកោះកុងក្រៅ ស្ថិតក្នុងភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ប៉ុន្តែគ្មានអ្នកបាត់បង់ជីវិតនោះឡើយ ដោយសារបានកម្លាំងកងទ័ពជើងទឹក នៃកងការពារកោះកុងក្រៅលេខ២ ចេញអូប័រចំនួន ៣គ្រឿង ជួយសង្រ្គោះទាន់ពេលវេលា។

លោកវរនាវីឯក ជា ស៊ីធុនឡាយ មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានថ្លែងប្រាក់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ។

លោកវរនាវីឯកបានបន្តថា ខណៈកម្លាំងរបស់លោកកំពុងចេញល្បាត ក៏ប្រទះឃើញទូកនេសាទខាងលើកំពុងជួបនឹងខ្យល់ព្យុះ រូបលោកក៏បានបញ្ជាកម្លាំងឲ្យចេញអូប័រចំនួន ៣គ្រឿងបន្ថែម ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋភ្លាម ក្រោមការចង្អុលណែនាំផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការជួរមុខលើផ្ទៃសមុទ្រ។

លោកវរនាវីឯកបានបញ្ជាក់ថា ក្នុងពេលកម្លាំងសង្រ្គោះរបស់លោកទៅដល់ ទាំងតៃកុងទូក និងកម្មករ ត្រូវរលកព្យុះបក់បោកធ្លាក់ចូលសមុទ្រអស់ទៅហើយ តែពួកគាត់ប្រឹងហែលទាំងត្រដរ ដើម្បីរង់ចាំការជួយសង្រ្គោះ ហើយកម្លាំងរបស់លោកស្រង់មនុស្សឡើងលើអូប័បានទាំងអស់មានចំនួន ៥នាក់ គឺម្នាក់ឈ្មោះ ឌី អឿន ជាម្ចាស់ទូក និងជាតៃកុងទូកផង រួមនិងកម្មករចំនួន ៤នាក់ ដែលមានទីលំនៅក្នងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោកវរនាវីឯកថា លោកក៏មានការសោកស្តាយដែរ ដែលកម្លាំងរបស់លោកអាចជួយសង្រ្គោះបានតែមនុស្សប៉ុណ្ណោះ ក្រោយមកមិនបានប៉ុន្មាននាទីផង ទូកនេសាទខាងលើក៏ត្រូវខ្យល់ព្យុះកន្ត្រាក់វាយលិចចូលក្នុងសមុទ្របាត់ទៅ៕