(កំពត)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងបើកបរម៉ូតូ ត្រូវរថយន្តធុនធំ១គ្រឿង បុកចំពេញទំហឹង បណ្ដាលឲ្យបែកក្បាលខ្ទេច នៅលើកំណាត់ផ្លូវ ជាតិលេខ៣១ ស្ថិតក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៧។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ហ៊ត សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិគោកព្រិច ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះបើកបរម៉ូតូគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខតាកែវ 1M-1997។

មន្ត្រីនគរបាល បានបន្តថា អ្នកបើកបររថយន្តបង្កម៉ាក់ហ៊ីណូ មានស្លាកលេខភ្នំពេញ 3A-1973 ពណ៌ស្លឹកឈើចាស់ មានឈ្មោះ ហ៊ិន វណ្ណះ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអណ្តូងខ្មែ ឃុំអំពិល ស្រុកកំពុងសៀម ខេត្តកំពង់ចាម។

បើតាមមន្ដ្រីនគរបាលដដែលរូបនេះ បានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កខាងលើ បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពេញទំហឹង ខណៈបើកបញ្ច្រាសទិសគ្នា ក៏បណ្តាលឲ្យដួលបោកបែក ក្បាលខ្ទេច ហើយស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ដោយឡែកអ្នកបើកបររថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាននៅ និងកន្លែងកើតហេតុផងដែរ។

ក្រោយកម្លាំងនគរបាលជំនាញ ចុះវាស់វែងរួច សពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត និងម៉ូតូ ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕