(ភ្នំពេញ)៖ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរអ៊ូរទាំថា ក្រោយពេលពួកគេកាត់ឲ្យទៅនៅក្រោម ការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការបើកប្រាក់បៀវត្សរ៍មិនបានលឿនដូចពេល ពួកគេនៅដាច់ដោយឡែក នោះឡើយ។
មន្រ្តីរដ្ឋបាលព្រៃឈើនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់ខេត្តទាំងអស់បានលើកឡើងថា ពួកគេមិនទាន់បានបើកប្រាក់ បៀវត្សរ៍ តាំងពីខែមិថុនា ឆ្នាំ២០១៧មកម្ល៉េះ។
មន្រ្តីរដ្ឋបាលព្រៃឈើមួយរូបដែលមិនបញ្ជាក់ថាមកពីមន្ទីរកសិកម្មខេត្តណានោះ លោក ពៅ សារឿន បានសរសេរសំណើមួយទៅកាន់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន ឲ្យជួយដោះស្រាយទៅលើភាពយឺតយ៉ាវក្នុងការបើកប្រាក់បៀវត្សរ៍ របស់គាត់ ក៏ដូចជាមន្រ្តីរដ្ឋបាលព្រៃឈើដទៃទៀត។
នៅក្នុងសំណើធ្វើឡើងតាមប្រព័ន្ធ Whatsapp ផ្ញើជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ពៅ សារឿន បានសរសេរថា «ខ្ញុំបាទមន្ត្រីរដ្ធបាល ព្រៃឈើថ្នាក់ខេត្ត សូមគោរពចូលមកឯកឧត្តម វេង សាខុន រដ្ធមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាទីគោរពដ៏ខ្ពង់ខ្ពស់។ ពួកខ្ញុំសំណូមពរមកឯកឧត្តមជួយពិតនិត្យ និងជំរុញមកមន្ទីកសិកម្មគ្រប់ខេត្តបើកប្រាក់បៀវត្សរ៍ឲ្យបានទាន់ពេលវេលាផង។ ខ្ញុំបាទមិនទាន់ បានបើកប្រាក់បៀវត្សរ៍តាំងពីខែមិថុនា ឆ្នាំ២០១៧មកម្ល៉េះ»។
លោក ពៅ សារឿន បានរៀបរាប់ទៀតថា កាលពីលោកនៅជាមន្រ្តីរដ្ឋបាលព្រៃឈើ ដោយមិនជ្រកក្រោមមន្ទីរកសិកម្មការបើកប្រាក់ បៀវត្សរ៍បានទាន់ពេលវេលា តែក្រោយពេលកាត់ឲ្យស្ថិតនៅក្រោមមន្ទីរការបើកប្រាក់បៀវត្សរ៍មិនទាន់ពេលវេលានោះទេ។ លោក សារឿន បានបន្ថែមថា ពួកលោកជាមន្ត្រីតូចតាច ជីវភាពប្រចាំថ្ងៃខ្វះខាត ពឹងតែលើប្រាក់បៀវត្សរ៍ប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ លោក វេង សាខុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ នេះថា លោកបានទទួលរួចហើយ នូវបញ្ហារបស់មន្រ្តីរដ្ឋបាលព្រៃឈើ ហើយលោកក៏បានបញ្ជូនបញ្ហានេះទៅឲ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទគ្រប់ ខេត្តទាំងអស់ ដើម្បីពិនិត្យ និងដោះស្រាយជូនមន្រ្តីផងដែរ។
សូមបញ្ជាក់ថា ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌជលផល នៅតាមបណ្តាខេត្តដែលដាក់ឲ្យនៅដាច់ដោយឡែកអស់រយៈពេល ជាច្រើនឆ្នាំមកនោះ នៅឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចយកទៅដាក់ឲ្យស្ថិតនៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីមើលឃើញថា ការដាក់ឲ្យស្ថាប័នទាំងពីរនេះ ស្ថិតនៅដាច់ដោយឡែកពិបាកក្នុងការធ្វើការងារជាពិសេសពេល ចេញបង្រ្កាបបទល្មើសតែម្តង៕