(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៦ ខែកក្កដានេះ អ្នកគាំទ្រច្បាស់ជាបានទស្សនាទៀតហើយ នូវជំនួបដ៏កក្រើករវាងក្រុម Cambodia All Star និងក្រុមខ្លាំងថៃ Muangthong United នៅលើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែទន្ទឹមជាមួយគ្នានោះ ក៏កុំភ្លេចចូលរួមលើកទឹកចិត្តពីចម្ងាយ ដល់ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំជម្រើសជាតិកម្ពុជា ដែលត្រូវជួបក្រុមយុវជន U-15ប្រ៊ុយណេ នៅកីឡដ្ឋាន Chonburi ប្រទេសថៃ នៃព្រឹត្តិការណ៍ 2017 AFF U-15 Championship ផងដែរ ។
សម្រាប់ក្រុម Cambodia All Star នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជើងឯកលីគ កំពូលថៃជាលើកទី២ នាវេលាម៉ោង ៦ល្ងាចនេះ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ខណៈកាលពីឆ្នាំ២០១៦ ក្រុមកីឡាករចម្រុះនៃលីគកំពូលកម្ពុជានេះ ធ្លាប់បានយកឈ្នះក្រុម Muangthong United ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ៦ម៉ឺននាក់ ដោយលទ្ធផល ៤-៣ ម្ដងរួចមកហើយ ។ ដូច្នេះជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ នឹងក្លាយជាការប្រកួតដ៏កក្រើតមួយទៀត ស្របពេលគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានត្រៀមប្រយុទ្ធយកឈ្នះរៀងៗខ្លួន ។
ដោយឡែកការប្រកួតពានរង្វាន់ 2017 AFF U-15 Championship នៅលើទឹកដីថៃវិញ ក៏ជាជំនួបដ៏សំខាន់របស់ក្រុម U-15កម្ពុជាផងដែរ ដែលត្រូវការឈ្នះក្រុមយុវជន U-15ប្រ៊ុយណេដាច់ខាត ទើបអាចបន្ដក្ដីសង្ឃឹមស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន ។ បច្ចុប្បន្នក្រុមយុវជនដឹកនាំដោយលោក Lee Tae Hoon នេះកំពុងឈរលេខរៀងទី៣ ក្នុងពូលB និងមាន ៦ពិន្ទុ តាមពីក្រោយវៀតណាម និងម៉ាឡេស៊ី ដែលមាន ៩ពិន្ទុស្មើគ្នា ។ ហេតុនេះបើសិន U-15កម្ពុជា ឈ្នះការប្រកួតល្ងាចនេះ ទើបពួកគេនឹងមានឱកាសអ៊ុតការប្រកួតចុងក្រោយជាមួយក្រុម U-15ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកក្កដាខាងមុខ ដែលជាការប្រកួតកំណត់ជោគវាសនារបស់ខ្លួន ៕