(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តបង្ហាញវត្តមានជា សាធារណៈនៅតាមបណ្តោយវិថីសម្តេចតេជោ ហ៊ុន សែន ហៅវិថី ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ការបង្ហាញវត្តមាននៅលើវិថីផ្លូវ ៦០ម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសំណេះសំណាល និងថតរូបជាមួយប្រជាពលរដ្ឋ ដែលបានជិះកាត់នៅលើវិថីនោះផងដែរ។ ក្រៅពីការថតរូប និងសំណេះសំណាលប្រកបដោយភាពសាមញ្ញហើយនោះ ស្របពេលដែលសម្តេចឃើញប្រជាពលរដ្ឋកំពុងរៀនបើកបរនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានចូលទៅបើករថយន្តនោះថែមទៀតផង។
សូមបញ្ជាក់ថា ការបង្ហាញវត្តមានរបស់សម្តេចនាព្រឹកថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ គឺជាបង្ហាញលើកទីពីរហើយ។ កាលពីថ្ងៃទី១៥ ខែកក្កា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញផងដែរ ដោយការជិះរថយន្តដើរមើល ទិដ្ឋភាព និងស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ការបង្ហាញវត្តមានទាំងពីរលើកនេះ គេសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អប្រក្រតីជាធម្មតា មិនមានបញ្ហាសុខភាពដូចពាក្យចចាមអារ៉ាមមួយចំនួន ដែលបានលើកឡើងនោះទេ។
ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីបញ្ចប់មន្ទិលសង្ស័យ និងពាក្យចចាមអារ៉ាមនានា ដែលបានលើកឡើងថា សម្តេចកំពុងមានជំងឺធ្ងន់ត្រូវយកទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបំផុសព័ត៌មានទាំងនោះ មានចេតនាមិនល្អក្នុងការធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសមានបញ្ហា។
នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញជា អធិបតីក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ផងដែរ៕