(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីសមាជិកអចិន្រ្តៃយ៍ គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សមាជិក សមាជិកាមហារគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន១៥០០នាក់មកពីឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងដោយរំលឹកថាតំបន់ស្វាយចេក គឺជាសមរភូមិសង្រ្គាមវាយប្រយុទ្ធ គ្នាយ៉ាងសាហាវរវាងខ្មែរនឹងខ្មែរ ប្រជាពលរដ្ឋបានបោះបង់ចោលផ្ទះសម្បែង ភូមិករដើម្បីគេចពីគ្រោះថ្នាក់នៃគ្រាប់រំសេវទីនេះហើយជា ទីតាំងបង្ហូរឈាមស្រស់ សាច់ស្រស់របស់យុវជនកូនប្រជាពលរដ្ឋយើងមានអ្នកខ្លះ បានបាត់បង់ជីវិត អ្នកខ្លះបានរងរបួសពិការដាច់ដៃ ជើងវេទនា ព្រាត់ប្រាស់ប្តីប្រពន្ធកូន កុមារ យុវជនមិនបានទៅសាលារៀនប្រជាពលរដ្ឋគ្មានពេលធ្វើស្រែចម្ការ នាំមកនូវភាពអវិជ្ជា ក្រីក្រលំបាក ពេលនោះមិនមាននរណាមកធ្វើការសន្យាឬជួយដោះស្រាយនូវសម្រែកហៅរកសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ ក្នុងដំណាក់កាលនោះគណបក្សប្រជាជនដែលជាគណបក្សរបស់ប្រជាជន រួមសុខទុក្ខជាមួយប្រជាជន ដៃម្ខាងកសាងប្រទេស និងការពារប្រជាជនរក្សាសន្តិសុខភូមិករពីការលួចឆក់ប្លន់ដុតផ្ទះសម្បែងប្រជាពលរដ្ឋយើងពីសំណាក់ពួកទ័ពព្រៃប្រតិកិរិយានិងដៃម្ខាង ស្វែងរកសន្តិភាពជូនប្រទេសតាមរយះកិច្ចចចារសន្តិភាពបង្រួមបង្រួមជាតិ។
ក្រោយមកក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទាំងមូលមាន សុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ពេញផ្ទៃប្រទេសសង្គ្រាមផ្ទៃក្នុងខ្មែរនិងខ្មែរ ត្រូវបានបញ្ចប់ធ្វើឱ្យគណបក្សប្រជាជន មានពេលវេលា ដោយរួមគ្នាជាមួយប្រជាជនកសាង បានមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនា សម្ព័ន្ធសង្គមរីកចម្រើនទៅមុខលើគ្រប់វិស័យ ការអនុគ្រោះមិនយកពន្ធដីធ្លី គ្រឿងបរិក្ខារបម្រើដល់វិស័យកសិកម្ម ការប្រែក្លាយតំបន់ ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នាទៅជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺដើម្បីសម្រួលជីវភាពរស់នៅកាត់បន្ថយបាននូវភាព ក្រីក្រជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែឆាប់រហ័ស ដែលយើងបានឃើញទាំងអស់គ្នា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ យុវជន យុវនារី និងសមាជិក សមាជិកាទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនិងបានធ្វើការអំពាវនាវសុំឱ្យបន្តបោះឆ្នោតផ្តល់ការទុកចិត្ត ដល់គណបក្សប្រជាជនក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនៅ ឆ្នាំ២០១៨ជាបន្តទៀត ដោយឯកឧត្តមបានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានស្នាដៃ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ នៅជាមួយប្រជាជនគ្រប់កាល:ទេស:ទាំងអស់គិតតែពីការកសាងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែមិនចេះសន្យាចោលទេ។
ជាទីបញ្ចប់នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃឱ្យបានល្អ ដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពី សំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ និងសូមជួយមើលថែអប់រំកូនចៅឱ្យបានល្អនិងធានាថាការរីកធំធាត់របស់ពួកគេមានសុវត្ថិភាពមិនប៉ះពាល់គ្រឿងញៀន ពិសេសយុវជន យុវនារី ត្រូវអប់រំផ្សាយផ្សាយបន្តដល់បងប្អូន មិត្តភក្តិ មនុស្សជាទីស្រឡាញ់កុំឱ្យទៅជិតគ្រឿងញៀនគ្រប់ប្រភេទ ។
ជាទ្រនាប់ដៃ នៃវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍កែ គឹមយ៉ាន និលោកជំទាវ ម៉ៅ ម៉ាល័យក៏បានផ្ដល់អំណោយដល់ ក្រុមប្រឹក្សាឃុំ~សង្កាត់ ១១០០ ដុល្លា ឃុំតាបែន ២,០០០,០០០រៀល សាលាបឋមសិក្សា ៥០០,០០០រៀល ប្រជាពលរដ្ឋចូលរួម ១៥០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ថវិកា ១មុឺននរៀល និងបានផ្ដល់អំណោយជាផ្លូវបេតុងពីរខែ្សដែលមានប្រវែង ៤០០០ ម៉ែត្រ X ទទឹង ៥ ម៉ែត្រ ផងដែរ៕