(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងធ្វើការផ្លាស់ប្តូរស្លាកគណបក្សរបស់ខ្លួនដោយដករូប លោក សម រង្ស៊ី ចេញ ហើយរៀបចំស្លាកថ្មី នៅពេលដែល ច្បាប់គណបក្សនយោបាយថ្មីនេះ ចូលជាធរមាន។
លោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សសង្រ្គោះជាតិ រងការប៉ះពាល់ផ្នែកហិរញ្ញវត្ថុអំពីការផ្លាស់ប្តូរស្លាកគណបក្សនេះនៅទូទាំងប្រទេស ប៉ុន្តែលោកស្រីជឿថា ទឹកចិត្តរបស់សមាជិកគ្រប់គ្នា នឹងអាចធ្វើឲ្យការផ្លាស់ប្តូរស្លាក គណបក្សនយោបាយនេះ ដំណើរការទៅជាបន្តបន្ទាប់។
លោកស្រី កែ សុវណ្ណរ័ត្ន បានថ្លែងយ៉ាងដូច្នេះថា៖ «ជាធម្មតា វានឹងមានការប៉ះពាល់ ប៉ុន្តែទឹកចិត្តៗរបស់សមាជិក សមាជិការបស់យើង យើងដឹងហើយថា គណបក្សសង្រ្គោះជាតិ គឺជាការចូលរួមដោយទឹកចិត្ត និងលះបង់ទាំងអស់គ្នា មិនបញ្ហាអ្វីទេ យើងផ្លាស់ប្តូរ (ស្លាកគណបក្ស)ទៅ»។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀចចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភា អនុម័តជាស្ថាព័រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ បច្ចុប្បន្នច្បាប់ថ្មីនេះ កំពុងត្រូវបានព្រឹទ្ធសភាត្រួតពិនិត្យ មុននឹងដាក់ចូល កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅពេលខាងមុខនេះ។
ច្បាប់គណបក្សនយោបាយនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕