(រតនគិរី)៖ នាយការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តរតនគិរីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការរកឃើញថា ជននេះជាប់ពាក់ព័ន្ធ ក្នុងករណីអ្នកទោស៥នាក់ លួចរត់ចេញពីពន្ធនាគារខេត្តរតនគីរី។
មន្ត្រីពន្ធនាគារថា ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ខ្យាល ប៉ាង៉ាង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគីរី មានតួរនាទីជានាយការិយាល័យ អប់រំកែប្រែ នៅពន្ធនាគារខេត្តរតនគីរី បច្ចុប្បន្នត្រូវបញ្ជូនទៅពន្ធនាគារ ខេត្តស្ទឹងត្រែងហើយ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ មានករណីទណ្ឌិត៥នាក់ ដែលពួកគេត្រូវបានតុលាការកាត់ ទោសពីបទល្មើសគ្រឿងញៀន និងជួញដូរព្រៃឈើនោះ បានហែកគុករត់ចេញពីពន្ធនាគារ។ ប៉ុន្តែក្នុងនោះមានម្នាក់ត្រូវបានអនុរក្សចាប់ខ្លួនបាន។
អ្នកទោសទាំងប្រាំនាក់នេះ មានឈ្មោះ កែវ ឆក, ឈ្មោះ កែវ ចន្ទ, ឈ្មោះសូម ហាក់, ឈ្មោះ សុខ នី បានហក់ចេញពីរបងពន្ធនាគាររួច។ ដោយឡែក ឈ្មោះ នងវណ្ណា ក៏បានហក់ចេញទៅដែរ តែហក់ខុសបច្ចេកទេសបណ្តាល ឲ្យបាក់ជើង រត់មិនរួច ក៏ត្រូវអនុរក្សពន្ធនាគារចាប់បាន៕