(ភ្នំពេញ)៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៉ិនប៉ិច លោកទេសរដ្ឋមន្ត្រី សេរី កុសល និងជាអនុប្រធានទី១ នៃអាជ្ញាធរជាតិមីន បានចេញមកបកអាក្រាត ពីអតីតកាលរបស់លោក លឺ ឡាយស្រេង ថា ជាអ្នកនយោបាយស្វាយចន្ទី (គ្រាប់ដុះក្រៅផ្លែ) ដែលជាពពួកមនុស្សមានចិត្តគំនិតស្មោកគ្រោក គ្មានទិសតំបន់ច្បាស់លាស់ ក្បាលនៅខាងនេះ តែកន្ទុយនៅខាងនោះ។
ចេញមកនិយាយយ៉ាងដូច្នេះរបស់ លោកទេសរដ្ឋមន្ត្រី សេរី កុសល បែបនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់លោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ លោកទេសរដ្ឋមន្រ្តី សេរី កុសល ក៏បានបញ្ជាក់ពីការគាំទ្រទាំងស្រុង នូវការច្រាលចោលរបស់សម្ដេចតេជោ ហ៊ុន សែន លើសំណើគ្មានទំនងនោះផងដែរ។
លោកទេសរដ្ឋមន្រ្តីថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សម្ភាសន៍របស់សម្ដេច ទាក់ទងទៅនឹងឯកឧត្តម លឺ ឡាយស្រេង ខ្ញុំគាំទ្រទាំងស្រុង។ ឯកឧត្តម លឺ ឡាយស្រេង និងអ្នកមួយចំនួនទៀត គឺសម្ដេចលោកបានដឹងរឿងរ៉ាវពីប្រវត្តិ ពីអតីតកាលពួកគាត់ កាលពីនៅហ៊្វុនស៊ិនប៉ិចនោះ ច្បាស់លាស់ណាស់ ហើយខ្ញុំរីករាយណាស់ នៅពេលសម្ដេចលោក បានដឹងពីមនុស្សមួយចំនួននេះ រួមទាំងឯកឧត្តម លឺ ឡាយស្រេង ផង ពីព្រោះពួកគាត់សុទ្ធសឹងតែជាអ្នកនយោបាយស្វាយចន្ទី គឺអ្នកនយោបាយដែលក្បាលនៅខាងនេះ ប៉ុន្តែកន្ទុយនៅខាងនោះ បានន័យថា នៅខាងនេះ ប៉ុន្តែទាក់ទងខាងនោះ»។
លោកបានបន្តថា ប្រវត្តិអតីតកាលរបស់លោក លឺ ឡាយស្រេង គឺលោកដឹងដូចបាតដៃអីចឹង គឺបុគ្គលរូបនេះ គ្មានទិសតំបន់ច្បាស់លាស់នោះទេ «ក្បាលនៅខាងនេះ កន្ទុយនៅខាងនោះ» ហើយក៏ជាអ្នកដឹកនាំបង្កើតរដ្ឋាភិបាល៣បក្ស ក្នុងប្រទេសតែមួយផងដែរ តែត្រូវបរាជ័យ ថែមទាំងធ្លាប់អង្វរសុំសម្ដេចតេជោ ហ៊ុន សែន តែងតាំងខ្លួនធ្វើជាឧបនាយករដ្ឋមន្រ្តីទៀតផង។
សូមជម្រាបថា ដោយការផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅប្រទេសកម្ពុជានេះ ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា៕