(ពិភពលោក)៖ លោក Abu Bakr al-baghdadi ជាមេដឹកនាំកំពូលរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ដែលបច្ចុប្បន្នក្រុមឧទ្ទាមនេះបានគ្រប់គ្រង ទៅលើដែនដីនៃប្រទេសមួយចំនួនលើពិភពលោក។ ក្រុមឧទ្ទាមនេះ ត្រូវបានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងបណ្តារដ្ឋជាច្រើនចាត់ទុកថា ជាក្រុមភេវរករដ៏សាហាវមួយ។

កន្លងមកមានសេចក្តីរាយការណ៍ជាច្រើនបានឱ្យដឹងថា លោក Bagdadi បានស្លាប់ រងរបួស ឬត្រូវគេចាប់ខ្លួនជាច្រើនលើកច្រើនសារ ប៉ុន្តែយ៉ាងនេះក្តីនៅមិនទាន់ មានប្រភពឯករាជ្យគួរជឿទុកចិត្តណាមួយត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ។ ប៉ុន្តែថ្មីៗនេះមានព័ត៌មានអន្តរជាតិជាច្រើនបានឱ្យដឹងថា លោកបានស្លាប់បាត់បង់ ជីវិតទៅហើយ។ ខាងក្រោមនេះ ជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងមេដឹកនាំកំពូលរូបនេះ៖
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៧១ (វ័យ៤៥ឆ្នាំ)
* កន្លែងកំណើត៖ ទីក្រុង Saladin ប្រទេស អ៊ីរ៉ាក់
* សញ្ជាតិ៖ អ៊ីរ៉ាក់
* ឈ្មោះហៅក្រៅ៖ The Ghost
* ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ ដល់បច្ចុប្បន្ន៖ មេដឹកនាំក្រុមឧទ្ទាមរដ្ឋឥស្លាម
* ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១០ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣៖ មេដឹកនាំក្រុមរដ្ឋឥស្លាមក្នុងប្រទេស អ៊ីរ៉ាក់

* ជីវប្រវត្តិសង្ខេប៖
មេដឹកនាំកំពូលរបស់ក្រុម ISIS លោក Abu Bakr Al-baghdadi កើតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៧១។ លោកត្រូវបានគេដឹងថា បានកើតនៅក្បែរតំបន់ Samarra ប្រទេស អ៊ីរ៉ាក់ក្នុងឆ្នាំ១៩៧១។

ក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Daily Telegraph ជាមួយមនុស្សជំនិតរបស់លោក Al-Baghdadi បានឱ្យដឹងថា មេដឹកនាំកំពូល ISIS រូបនេះ កាលពីស្ថិតនៅវ័យក្មេងជាមនុស្សដែលមានភាពអៀនខ្មាស់ច្រើន ជាបុគ្គលដែលមានចំណេះដឹងសាសនាខ្ពង់ខ្ពស់ មិនចូលចិត្តអំពើហិង្សា។
អស់រយៈពេលជាងមួយទសវត្សរ៍ លោកបានរស់នៅក្នុងបន្ទប់តូចមួយដែលជាប់នឹងវិហារឥស្លាមក្នុងតំបន់ Tobchi ជាតំបន់ក្រីក្រមួយភាគខាងលិចទីក្រុង បាដាដ ដែលជាតំបន់របស់ពួក Shia និងពួក Sunni រស់នៅផងដែរ។

លោក Ahmed al-Dabash ដែលជាមេដឹកនាំកងកម្លាំងឥស្លាមក្នុងប្រទេស អ៊ីរ៉ាក់ និងជាមនុស្សជំនិតរបស់លោក al-Baghdadi ដែលធ្លាប់ធ្វើការវាយប្រហារ ក្នុងឆ្នាំ២០០៣ បានលើកឡើងអំពីបុគ្គលដ៏អាថ៌កំបាំងនេះថា៖ «ខ្ញុំនិងលោក Baghdadi ធ្លាប់នៅសកលវិទ្យាល័យឥស្លាមជាមួយគ្នា។ យើងសិក្សាថ្នាក់រៀន ជាមួយគ្នា ប៉ុន្តែយើងមិនមែនជាមិត្តជិតស្និតគ្នានោះទេ។ លោកជាមនុស្សស្ងប់ស្ងាត់ ស្រគត់ស្រគុំ ជាមនុស្សចូលចិត្តចំណាយពេលនៅម្នាក់ឯង។ ខ្ញុំមិនស្គាល់លោក Baghdadi ច្បាស់នោះទេ។ លោកជាមនុស្សមិនពិសេសអីណាស់ណានោះទេ លោកធ្លាប់ត្រឹមតែជាមេដឹកនាំក្រុមអ្នកសូត្រធម៌ ក្នុងវិហារមួយក្បែរតំបន់របស់ខ្ញុំ រស់នៅប៉ុណ្ណោះ។ វាហាក់ដូចជាគ្មានអ្នកណាម្នាក់ ចាប់អារម្មណ៍ទៅលើលោកឡើយ។

ក្នុងឆ្នាំ២០១៤ អ្នកវិភាគអ៊ីរ៉ាក់ និងអាមេរិក បានឱ្យដឹងថា លោក al-Baghdadi បានសិក្សាថ្នាក់បណ្ឌិតរបស់ពួកឥស្លាមនៅសកលវិទ្យាល័យ Saddam ក្នុងទីក្រុងបាដាត។ យោងតាមជីវប្រវត្តិដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណែតរបស់ពួកជ្រុលនិយម ក្នុងខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ បានឱ្យដឹងថា លោក ធ្លាប់ទទួលបានការសិក្សាកម្រិតខ្ពស់អំពីសាសនាឥស្លាម នៅសកលវិទ្យាល័យឥស្លាម បាដាដ។ «រដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ាក់បានផ្តល់ព័ត៌មានយ៉ាងច្បាស់ពីរូបរាង នៃបុរសរូបនេះ ដោយឡែករឿងរ៉ាវនៅពីក្រោយបុរសរូបនេះស្ថិតក្នុងភាពអាថ៌កំបាំងរហូត» នេះជាការលើកឡើងរបស់លោក Patrick Skinner នៃក្រុម Soufan ។ លោក បានគ្រប់គ្រងលើព័ត៌មានសម្ងាត់របស់មេដឹកនាំរូបនេះបានយ៉ាងហ្មត់ចត់ជាទីបំផុត។ ឮយ៉ាងនេះក្តី បុរសរូបនេះ មិនត្រូវបានគេស្គាល់ច្រើននោះទេ សូម្បីក្នុងអង្គការដែលលោកបង្កើតផ្ទាល់ បានឱ្យដឹងថា ឈ្មោះថា Baghdadi របស់លោក គឺគ្រាន់តែឈ្មោះហៅក្រៅប៉ុណ្ណោះ មិនមែនជាឈ្មោះពិតប្រាកដនោះទេ។

* គ្រួសារ៖
ក្នុងសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានពីប្រទេស អ៊ីរ៉ាក់ថា លោក Baghdadi មានភរិយាបីនាក់ ដោយក្នុងនោះពីរនាក់ជាជនជាតិអ៊ីរ៉ាក់ និងម្នាក់ជាជនជាតិស៊ីរី។ ដោយឡែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេស អ៊ីរ៉ាក់ បានលើកឡើងថា លោក al-Baghdadi មានភរិយាពីរនាក់គឺលោកស្រី Asma Fawzi Mohammed al-Dulaimi និងលោកស្រី Israa Rajab Mahal A-Qaisi។ ក្នុងចំណោមអ្នកទាំងពីរលោកស្រី al-Dulaimi ជាភរិយាដែលមានឥទ្ធិពលបំផុត។

* កូនៗ៖
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Guardian បានឱ្យដឹងថា លោក al-Baghdadi បានរៀបការក្នុងប្រទេស អ៊ីរ៉ាក់នៅក្នុងឆ្នាំ២០០០ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់លោក។ រហូតដល់ឆ្នាំ២០១៤លោកមានកូនប្រុស ម្នាក់អាយុ១១ឆ្នាំ។ ដោយឡែកក្មេងស្រីមា្នក់ដែលមាន វ័យប្រហែលចន្លោះពី៤ ទៅ៦ឆ្នាំដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសលីបង់ក្នុងឆ្នាំ២០១៤កន្លងទៅនេះជាមួយលោក Saja al-Dulaimi ត្រូវបានគេសង្ស័យថា ជាកូនស្រីរបស់លោកផ្ទាល់តែម្តង។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ ក្រសួងការបរទេសអាមេរិក បានដាក់បញ្ជូលលោក Al-Baghdadi ក្នុងបញ្ជីជាតិពិសេស ព្រមទាំងប្រកាសផ្តល់រង្វាន់១០លានដុល្លារសម្រាប់បុគ្គលណាដែលអាចផ្តល់ព័ត៌មាន ឬការស៊ើបអង្កេត ដើម្បីឈានដល់ការចាប់ខ្លួន ឬសម្លាប់បុរសរូបនេះ។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានបង្កើនប្រាក់រង្វាន់រហូតដល់២៥លានដុល្លារសម្រាប់ការផ្តល់ព័ត៌មានអំពីមេដឹកនាំក្រុមឧទ្ទាមរូបនេះ ដែលការផ្តល់រង្វាន់នេះស្មើនឹងតម្លៃខ្លួនរបស់មេដឹកនាំអាល់កៃដា លោក Ayman al-Zawahiri ផងដែរ។ អាជ្ញាធរសហរដ្ឋអាមេរិកក៏បានចោទប្រកាន់ លោក al-Baghdadi ថាបានចាប់ស្ត្រីជនជាតិអាមេរិក នាង Kayla Mueller ដោយចាប់នាងធ្វើទាសករ ព្រមទាំងរំលោភថែមទៀតផង។
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា