(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ប្រជាពលរដ្ឋរស់នៅអគារ ប៊ូឌីញ ៤៩២គ្រួសារបានព្រមព្រៀងលក់ផ្ទះ និងទទួលយកប្រាក់របស់ពួកគេអស់ហើយ។
លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានគូសបញ្ជាក់នៅលើទំព័រ Facebook នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះថា «សូមអបអរសាទរ គិតត្រឹមម៉ោងនេះ បងប្អូនរស់នៅអគារប៊ូឌីញស ៤៩២ចំណែកឯកជន ស្មើនឹង១០០ភាគរយ បានចុះកិច្ចសន្យាលក់ចំណែកឯកជន នៃអគារសហកម្មសិទ្ធិប៊ូឌីញ ស»។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋប៊ូឌីញ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ មូលដ្ឋាន ក្រុមហ៊ុនជប៉ុន Arakawa និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងបង្កលក្ខណៈឲ្យគម្រោងនេះ អនុវត្តដោយជោគជ័យ គួរជាទីមោទនក្រៃលែង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមព្រៀងលក់កន្លែងស្នាក់នៅរបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន។ ប្រជាពលរដ្ឋនៅអគារប៊ូឌិញ បានចាប់ផ្តើមរើសសម្ភារៈ ចេញពីលំនៅដ្ឋានតាំងពីខែដើមខែមិថុនា មកម្ល៉េះ។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុកប្រមាណ ២តោន យ៉ាងអធឹកអធ័មនៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំង ពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ៧០-៨០លានដុល្លារអាមេរិក៕