(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ យុវជនស្ម័គ្រចិត្ត ICT កម្ពុជា (Cambodian ICT Volunteers – CIV)និងយុវជនស្ម័គ្រ ICTអន្តរជាតិ (International ICT Volunteers - IIV) បានទទួលការបណ្តុះបណ្តាលតម្រង់ទិសបន្ថែមទៀត នៅក្នុងសិក្ខាសាលា «តម្រង់ទិសដៅ CIV-IIV 2017» ដោយមានការបង្ហាត់បង្ហាញពីដៃគូសហការជាមួយនឹង វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានជំនាញមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីបន្ថែមចន្លោះខ្វះខាតមួយចំនួន ក្រោយទទួលលទ្ធផលល្អកាលពីឆ្នាំកន្លងមក។
ការបណ្តុះបណ្តាលតម្រង់ទិស នេះ មានការចូលរួមពី លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក Wisit Atipayakoon អ្នកគ្រប់គ្រងកម្មវិធីអ្នកស្ម័គ្រចិត្ត IIV និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងប្រៃសនីយ៍ ហើយពិធីនេះធ្វើឡើងនៅ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា NIPTICT។
ក្នុងឱកាសនោះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ បានលើកឡើងថា លោកពិតជាមានភាពរីករាយយ៉ាងក្រៃលែង ដោយបានឃើញយុវជនជាច្រើននៅកម្ពុជា បានចូលរួមក្នុងកម្មវិធីនេះ លើសពីនេះក៏លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់យុវជនស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ ដែលមានចិត្តមកធ្វើការស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមទាំងទឹកចិត្តរីករាយថា «ក្រសួងពិតជាមានការពេញចិត្តយ៉ាងខ្លាំង ក្នុងការបង្កើតនូវកម្មវិធីនេះឡើង សម្រាប់ឆ្នាំ២០១៧នេះក្រសួងបានទទួលយុវជនចំនួន៤ក្រុម ស្មើនឹង១៦នាក់បន្ថែមទៀត ដែលមកពីប្រទេសកូរ៉េក្នុងការចូលរួមកម្មវិធីស្ម័គ្រចិត្ត ICT មួយនេះ ដែលអ្នកទាំងអស់នោះបានចុះទៅក្នុងខេត្តមួយចំនួន នៅកម្ពុជាដើម្បីចូលទៅបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយពី កម្មវិធីមួយចំនួន ដើម្បីពង្រឹងចំនេះដឹងផងដែរ»។
កន្លងមក ក្រុមអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិ បានបង្ហាត់បង្រៀនយុវសិស្សនៅកម្ពុជាជាច្រើនផ្នែកក្នុងនោះរួមមាន ការបង្ហាត់ពីផ្នែក ICT ក៏ដូចជាគណិតវិទ្យា លើសពីនេះក៏មានជាការបង្រៀនភាសាអង់គ្លេស រួមនឹងមុខវិជ្ជា (Professional Skill)ដែលមានដូចជាការបង្ហាត់បង្រៀនរាំជាដើម។
សូមបញ្ជាក់ថា កម្មវិធីស្ម័គ្រចិត្ត ICT រវាងកម្ពុជានិងកូរ៉េ មានតាំងតែពីឆ្នាំ២០១២ មកម្លេះ ហើយកម្មវធីនេះមានចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជនរបស់ប្រទេសមួយនេះ រហូតមកដល់ឆ្នាំ២០១៧នេះ កូរ៉េនៅតែបញ្ជូនយុវជនស្ម័គ្រចិត្ត IIV មកបន្តបន្ទាប់ ហើយសម្រាប់ឆ្នាំ២០១៧នេះ យុវជនស្ម័គ្រចិត្តរបស់ប្រទេសមួយបានបញ្ជូនមកមកគឺ៤ក្រុម ស្មើនឹង១៦នាក់ ពួកគេនឹងទៅចុះទៅខេត្តកោះកុង កំពត ព្រៃវែង និងភ្នំពេញ រីឯអ្នកស្ម័គ្រ ICT កម្ពុជាចំនួន៦ក្រុមស្មើរនឹង២៤នាក់ នឹងចុះទៅឃុំចំនួន៦ ក្នុងស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕