(ភ្នំពេញ)៖ ពិធីអបអរសាទរប្រសាទសំបូរព្រៃគុក ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងត្រូវរៀបចំឡើងយ៉ាងកងរំពងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិកនៅរសៀលថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីមហាជនជាង ១ម៉ឺននាក់។
ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មការរៀបចំពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានថ្លែងក្រោយកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធនៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ផែនការរៀបចំពិធីដ៏ធំមួយនេះត្រូវបានរៀបចំរួចរាល់ហើយ ជាមួយកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខសណ្តាប់ជាង ២ពាន់នាក់។
លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានត្រួតពិនិត្យកិច្ចការដែលអនុគណៈកម្មការទាំង៥ បានសម្រេចរួចរាល់ហើយ ចឹងអនុគណៈកម្មការទាំងអស់ ទាំងផ្គត់ផ្គង់ ទាំងខ្លឹមសារ ទាំងការពារ ទាំងសន្ដិសុខសណ្ដាប់ធ្នាប់ ទាំងមហាជនគឺយើងបានធ្វើការ ត្រួតពិនិត្យរួច រាល់អស់ហើយ ដូច្នេះយើងអត់មានអីបារម្មណ៍ច្រើននោះទេ ហើយកិច្ចការរបស់យើងនឹងដំណើរការបានល្អ»។
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានឲ្យដឹងថា ក្រៅពីការរៀបចំពិធីអបអរសាទរ ក៏មានការរៀបចំជារបាំប្រពៃណីនិងច្រៀងលេងកម្សាន្ដ សប្បាយផ្សេងៗទៀតផងដែរ សម្រាប់មហាជនដែលបានចូលរួមក្នុងពិធីនោះ។
លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានបញ្ជាក់ដែរថា កម្លាំងសមត្ថកិច្ច នឹងដាក់ពង្រាយមានចំនួន ១,៧៩៣នាក់ ក្នុងមានទាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលការពារផ្ទាល់នៅទីប្រារព្ធពិធីពោល គឺនៅតំបន់A ដោយឡែកកម្លាំងសមត្ថកិច្ចដែលការពារនៅបរិវេណខាងក្រៅ និងតាមផ្លូវសាធារណៈ ក៏មានច្រើនពាន់នាក់ផងដែរ។
លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ក៏សុំឲ្យប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីដ៏ធំមួយ ត្រូវមានការយោគយល់ចំពោះកម្លាំងសមត្ថកិច្ច ដោយសារតែថ្ងៃនោះនឹងមានមហាជនច្រើន ហេតុនេះនឹងមានការកក់ស្ទះចរាចរជាដើម។
សូមបញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ កាលពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
តំបន់ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះមានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕