(ភ្នំពេញ)៖ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាពសកល-កម្ពុជា (Universal Peace Federation-Cambodia) ក្រោមវត្តមានលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំឥណ្ឌូចិន ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាទូតសន្តិភាព UPF-Cambodia ។
លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប បានថ្លែងថា គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ ដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិត ចូលរួមវេទិកាជាតិ-អន្តរជាតិ និងទទួលបានការបណ្តុះបណ្តាលស្តីពី យុវជន និងការរក្សាសន្តិភាព ភាពជាអ្នកដឹកនាំ ចំណេះដឹងអំពីសហគមន៍អាស៊ានជាដើម។ លោកបានបន្ថែមថា កន្លងមក សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៣៤រួចមកហើយរួមមាន៖ ទី១-ប្រទេស អង់គ្លេស ចំនួន៥ ទី២-សហរដ្ឋអាមេរិក ចំនួន៥ ទី៣-សិង្ហបូរី ចំនួន១៤-កាណាដា ចំនួន១ទី៥-អូស្ត្រាលី ចំនួន១ ទី៦-ចិនចំនួន១០ ទី៧-កូរ៉េ ចំនួន៣ ទី៨-ជប៉ុន ចំនួន២ ទី៩-ម៉ាឡេស៊ីចំនួន២ និងទី១០-ថៃ ចំនួន៤។ហើយថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិក៏បានចុះMOU បន្ថែមមួយទៀតជាមួយ សហព័ន្ធ សន្តិភាពសកល-កម្ពុជា (UPF-Cambodia) ដែលជាដៃគូសហប្រតិបត្តិការអន្តរជាតិ ទី៣៥ របស់ប៊ែលធី។
បន្ទាប់មក លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំឥណ្ឌូចិន បានថ្លែងថា លោកពិតជាមានក្តីសប្បាយរីករាយណាស់ ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយ ដែលមានកម្មវិធីសិក្សា ជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានកេរ្តិ៍ឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានថ្លែងថា ថ្ងៃនេះសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងសហព័ន្ធសន្តិភាពសកល-កម្ពុជា ។ ការចុះ MOU នេះ ភាគីទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និទ្ធ និងការសហការគ្នាយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេស ផ្តល់ឱកាស ជូនដល់សិស្ស-និស្សិត ក្នុងការចូលរួមវេទិកាជាតិ-អន្តរជាតិ និងការបណ្តុះបណ្តាល យុវជន ស្តីពីសន្តិភាព និង ភាពជាអ្នកដឹកនាំ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិត ទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹក នាំដ៏ល្អទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោកលី ឆេង និងលោក ហាជីមិ សៃតុ បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ ៕