(ភ្នំពេញ)៖ ពុទ្ធោ! រថយន្ដសាំយ៉ុង១គ្រឿង បើកបរមិនបានប្រុងប្រយ័ត្នខ្ពស់ ក៏ព្រោះតែដោយសារតែការវ៉ាជែង ហើយជ្រុលចង្កូតទៅបុកបង្គោលភ្លើងឡើងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ ទាំងចាស់ទាំងក្មេងនៅក្នុងរថយន្ដ រងរបួសបាក់ជើង ធ្ងន់ស្រាលដល់ទៅ៦នាក់ ហើយត្រូវបានរថយន្ដសាម៊ុយដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកបង្គោលភ្លើង បណ្ដាលឲ្យមនុស្សចាស់ក្មេងចំនួន៦នាក់ រងរបួសធ្ងន់ស្រាលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខចំណតបេនរថយន្ដក្រុង ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកធ្វើដំណើរតាមផ្លូវ បានបញ្ជាក់ថា មុនកើតហេតុ គេបានឃើញរថយន្ដប្រភេទ១២កៅអី ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-0713 បើកបរដោយបុរសម្នាក់ ពុំស្គាល់ពីអត្តសញ្ញាណ ហើយធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ក៏វ៉ាជែងរថយន្ដផ្សេងទៀតពីខាងស្ដាំដៃ តែជែងមិនផុត ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ គៀបជាប់នៅ និងកាប៊ីនរថយន្ដផ្នែកខាងមុខ និងត្រូវបានគេជួយសង្គ្រោះ ដោយទាញចេញទាន់ពេល ហើយ៤នាក់ទៀត ទាំងចាស់និងក្មេង ដែលជិះខាងក្រោយ រងរបួសធ្ងន់ស្រាល រួមជាមួយអ្នកបើកបរផងដែរ។

អ្នកធ្វើដំណើរតាមផ្លូវ បានបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ច្រាំងចំរេះទី១ បានចុះមកអន្តរាគមន៍ ដោយហៅរថយន្ដសាម៊ុយ ដើម្បីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈរថយន្ដសាំយ៉ុង ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕