Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជំនាញរដ្ឋបាល ព្រៃឈើរវៀងខេត្តព្រះវិហារ ចាប់រថយន្តដឹកឈើធុនយក្ស រកឃើញឈើជិត៤០ម៉ែត្រគូប (៥៩០សន្លឹក) តែចង់ពិន័យត្រឹមជិត៥ម៉ែត្រគូប (៧១សន្លឹក)

15-07-2017 17:36

(ព្រះវិហារ)៖ មន្រ្តីរដ្ឋបាលព្រៃឈើតូចតាចម្នាក់នៅខេត្តព្រះវិហារ បានលួចប្រាប់ភ្នាក់ងារ Fresh News ថា ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើរវៀង បន្ទាប់ពីឃាត់រថយន្តធុនយក្ស ដឹកឈើខុសច្បាប់មួយគ្រឿង ហើយរកឃើញឈើជិត៤០ម៉ែត្រគូប ប៉ុន្តែក៏ត្រូវរ៉ូវជាមួយម្ចាស់ឈើឲ្យពិន័យត្រឹម៤.៨៩៩ម៉ែត្រគូប ស្មើនិង៧១សន្លឹក។ ករណីពុករលួយខាងលើនេះ ត្រូវបានបែកធ្លាយ ហើយនៅទីបំផុតក៏ធ្វើជាបញ្ជូនទាំងរថយន្ត និងឈើយកមករក្សាទុកនៅមន្ទីរកសិកម្ម ខេត្តព្រះវិហារវិញ ដើម្បីចាត់ការបន្ត។

គួរបញ្ជាក់ថា រថយន្តដឹកឈើធុនធំមួយគ្រឿងនេះ ពាក់ស្លាកលេខ 3A-2911 ត្រូវបានផ្នែករដ្ឋបាលព្រៃឈើរវៀង ចាប់បានកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកក់ពោន ឃុំរក្សា ស្រុករវៀង។

ក្រោយពីចាប់ឃាត់រថយន្តនេះបាន ក្រុមមន្រ្តីទាំងនោះ ក៏បានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ក្រោយមកក៏រើឈើទំលាក់ ដើម្បីចុះធ្វើការវាស់វែង ក៏រកឃើញមានចំនួន៣៩.៨៩៩ម៉ែត្រគូប ស្មើនិង៥៩០សន្លឹក ជាប្រភេទឈើផ្តៀក និងឈើទាល។ ឈើនោះត្រូវក្រុមមន្រ្តីទាំងនោះ ឲ្យធ្វើការពិន័យតែជិត៥ម៉ែត្រគូប ប៉ុន្តែក៏បែកការណ៍ ទើបបានបញ្ជូនយកមករក្សាទុក នៅមន្ទីរកសិកម្មខេត្តវិញ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះថា «រថយន្ត និងឈើពិតជាបានយកមករក្សាទុក នៅមន្ទីរកសិកម្មខេត្តមែន ហើយក៏មិនទាន់ឃើញម្ចាស់ចូលខ្លួន មកធ្វើការបង់ពិន័យដែរ»។

ទាក់ទងនិងព័ត៌មានថា មានគេប្រុងរៀបចំឯកសារឲ្យបង់តែ៤ម៉ែត្រគូបនោះ លោក ពឹង ទ្រីដា បានឆ្លើយតបថា មិនអាចធ្វើអញ្ចឹងកើតទេ ព្រោះវាខុសច្បាប់ ហើយលោកបញ្ជាក់ថា រថយន្ត និងឈើនេះ លោកនឹងរៀបចំឯកសារបញ្ជូនទៅតុលាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិនជាម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ។

ដោយឡែក លោក នង ខេមរិន្ទ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានថ្លែងថា លោកមិនទាន់បានទទួលរបាយការណ៍ទេ។ លោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានបកស្រាយថា ផ្នែករបស់លោកមិនបានពិន័យ៤ម៉ែត្រគូប ដូចគេថានោះទេ។ លោកបន្តថា «ធម្មតាការងារមិនដែលមានអ្នកស្រឡាញ់យើង ទាំងអស់នោះទេ សំខាន់អ្វីដែលគេចោទកុំឲ្យតែយើងប្រព្រឹត្តមែនទៅបានហើយ»៕