(ភ្នំពេញ)៖ លោកមេធាវី ពុធ ធាវី និងក្រុមប្រជាពលរដ្ឋដែលអះអាងថា កើតទុក្ខមិនសុខចិត្តនឹងចំណាត់ការរបស់តុលាការខេត្តព្រះសីហនុនោះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នេះ បានចេញសេចក្តីថ្លែងការណ៍ តបនឹងសេចក្ដីថ្លែងការណ៍របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ថ្មីៗនេះ។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លោកមេធាវី ពុធ ធាវី បានបង្ហាញភាពមិនប្រក្រតីមួយចំនួន នៃចំណាត់ការនីតិវិធីរបស់ សាលាដំបូងខេត្តព្រះសីហនុ ជាពិសេសការសម្រេចឃុំខ្លួនកូនក្ដីម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន និងកោះហៅកូនក្តី២៣នាក់ផ្សេងទៀត ចូលបំភ្លឺជាបន្តបន្ទាប់។ លោកមេធាវីអះអាងថា បណ្តឹងចំនួន៣ ដាច់ដោយឡែកពីគ្នា បានដាក់ចូលអង្គភាពប្រឆាំងអំពើពុករលួយ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចរាល់ហើយ ដើម្បីស៊ើបអង្កេតករណីនេះ។
សន្និសីទកាសែតនោះ បានធ្វើឡើងបន្ទាប់ពីលោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនលោក ឈន ផ្លុំ អាយុ៥៥ឆ្នាំ មានតួនាទីជាឧត្ដមសេនីយ៍ទោ នៅក្រសួងការពារជាតិ ដោយចោទប្រកាន់ពីបទ «រំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត និងសមគំនិតក្នុងអំពើរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត» ប្រព្រឹត្តនៅភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីមុនអំឡុងឆ្នាំ២០១៦ និងក្នុងឆ្នាំ២០១៦ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ
សូមអានខ្លឹមសារលម្អិតសេចក្តីថ្លែងការណ៍របស់លោកមេធាវីពុធ ធាវី ខាងក្រោមនេះ៖