(កំពង់ស្ពឺ)៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ឥណ្ឌាដែលមានឈ្មោះថា «ស្តារហ្វាយឌឺវេឡុបភើ ភីវីធី អិលធីឌី» គ្រោងចំណាយដើមទុនរាប់លានដុល្លារ ដើម្បីវិនិយោគលើវិស័យ អចលនទ្រព្យ នៅក្នុងទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទំហំរហូតដល់៦០ហិកតា។ ការដាក់ទុនវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ខាងលើនេះ នឹងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ កាន់តែមានជីវភាពល្អប្រសើរជាងមុន តាមរយៈការទទួលបានផលប្រយោជន៍ពីគម្រោងមួយនេះ។

លោក គីរ៉ាន់ គូម៉ារឺឌី អគ្គនាយកក្រុមហ៊ុនមួយនេះ បានលើកឡើងថា ប្រទេសកម្ពុជាមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូច្នេះទើបបានជាមានវត្តមាន ក្រុមហ៊ុន ស្តារហ្វាយ (STAR5) ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា មានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងបានបង្កើតសាខានៅប្រទេសកម្ពុជា ធ្វើការវិនិយោគលើអចលនទ្រព្យ ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានបោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ លើវិស័យអចលនទ្រព្យរាប់លានដុល្លារ ក្នុងការលើកកម្ពស់ជីវិភាពរស់នៅរបស់ពលរដ្ឋទូទៅ។ មិនតែប៉ុណ្ណោះ និយោជកបានទទួលស្គាល់ដោយប្រទេសកម្ពុជា ហើយក្រុមហ៊ុនស្តរហ្វាយ (STAR5) បានចុះបញ្ជីទទួលស្គាល់របស់ក្រសួងពាណិជ្ជកម្ម លេខ00014902 ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥កន្លងមក។

បន្ទាប់ពីទទួលសិទ្ធិ ក្រុមហ៊ុនបានអនុវត្តគម្រោងបានចំនួន២កន្លែង គឺនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺនេះ។ ចំពោះគម្រោងទី២នេះ គឺបានអនុវត្តនៅលើផ្ទៃដី៦០ហិកតា ហើយគម្រោងនេះសម្រាប់អភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងផ្ទះល្វែង។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា «ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព មានបរិស្ថាន និងអំណោយផលក្នុងការវិនិយោគ ធ្វើឲ្យក្រុមហ៊ុនបរទេសជាច្រើន មានការចាប់អារម្មណ៍ចង់បណ្តាក់ទុននៅកម្ពុជា»។

សម្រាប់ក្រុមហ៊ុន STAR5 បានវិនិយោគទៅលើផ្ទៃអចលនទ្រព្យដូចជា៖ ដីឡូតិ៍ ពុះលក់ សំណង់ផ្ទះល្វែង និងខុនដូរជាដើម ដោយមានតម្លៃទាបជាងទីផ្សារធម្មតា សម្រាប់ពលរដ្ឋក្នុងតំបន់។

នៅថ្ងៃដដែលនេះក្រុមហ៊ុន STAR5 បានបើកសម្ភោធជាផ្លូវការ នូវគម្រោងស្តារលែន (STAR LAND) ដីឡូតិ៍លក់ មានទីតាំងស្ថិតនៅក្នុងឃុំព្រៃផ្តៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាគម្រោងដ៏ធំ កម្មសិទ្ធិមានប្លង់រឹងត្រឹមត្រូវស្របច្បាប់ ហើយជាគម្រោងសម្រាប់អភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ព្រោះហ៊ុព័ទ្ធទៅដោយរោងចក្រចំនួន៤ ហើយមានភាពងាយស្រួលធ្វើដំណើ ព្រោះគម្រោងនេះ នៅជាប់ផ្លូវជាតិលេខ៤។

លោកអគ្គនាយកក្រុមហ៊ុនបានបន្តថា លោកនឹងផ្សព្វផ្សាយដល់ក្រុមហ៊ុនដ៏ទៃ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជីវភាព និងការរស់នៅប្រកបសុខក្សេមក្សាន្ត៕