កម្លាំងនគរបាលខេត្តកំពត ឆ្មក់ចូលបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានមេក្លោងជួញដូរម្នាក់ និងថ្នាំញៀនមួយចំនួនធំ នៅស្រុកជុំគីរី
15-07-2017 16:48
(កំពត)៖ មេក្លោងជួញដូរថ្នាំញៀនម្នាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពត សហការជាមួយកម្លាំង នគរបាលស្រុកជុំគីរី និងមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការបង្ក្រាបបាន នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៧នេះ នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ែម សារ៉ាត់ អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ខណៈបង្ក្រាប កម្លាំងរឹបអូសបានថ្នាំញៀនចំនួន១៧កញ្ចប់តូច និងម៉្សៅក្រាមពណ៌សថ្លាចំនួន២ដុំធំ សង្ស័យថា ជាសារធាតុញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានភ្លាម រួមនឹងវត្ថុតាងត្រូវបាននាំយកមកសាកសួរនៅស្នងការដ្ឋានខេត្តកំពត ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕