(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ និងលោក សួស គង់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច រួមនិងប្រធានអនុប្រធានគណៈកម្មាធិការបក្សស្រុកភ្នំស្រួច និងក្រុមការងារបក្សឃុំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅចំណុចផ្លូវជាតិលេខ៤ ភូមិទួលថ្មី ឃុំមហាសាំង ស្រុកភ្នំស្រួច គឺស្ថិតនៅមុខផ្ទះរបស់លោក ម៉ាច សំអុល ដែលជាបេក្ខភាពអភិបាលស្រុកភ្នំស្រួចរបស់បក្សខ្មែររួបរួមជាតិ។
លោក ម៉ាច សំអុល បានប្រកាសសុំលាលែងឈប់បម្រើគណបក្សនេះតទៅទៀត និងសុំមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការលាលែងរបស់លោក ម៉ាច សំអុល ពីបក្សខ្មែររួបរួមជាតិនេះ ដោយសារតែលោកសម្លឹងឃើញចក្ខុវិស័យគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ដែលនាំឲ្យជាតិកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយខុសពីអ្វីដែលបក្សខ្មែររួបរួមជាតិ លើកពីការលាបពណ៌ លើបក្សកាន់អំណាចទាំងស្រុង។
ជាមួយគ្នានេះលោក ម៉ាច សំអុល មិនត្រឹមតែមិនជឿលើអតីតបក្សខ្លួននោះទេ ថែមទាំងដោះស្លាកបក្សខ្មែររួបរួមជាតិ ដែលខ្លួនធ្លាប់ដាក់នៅមុខផ្ទះចេញ ហើយបន្តស្នើសុំដាក់ ស្លាករបស់គណបក្សប្រជាជន រួមទាំងការអភិវឌ្ឍន៍ មកជំនួសវិញយ៉ាងស្រស់សង្ហាដូចពាក្យចាស់តែងពោលថា «ទឹកត្រជាក់ត្រីកុំ»៕