(ស្ទឹងត្រែង)៖ ដូចអ្វីដែលបានគ្រោងទុក នៅថ្ងៃទី១៥ ខែកក្កដានេះ ក្រុមហ៊ុនវិនិយោគទំបន់វារីអគ្គិសនីសេសានក្រោម២ បានបិទ្វារទំនប់់ទប់ទឹក ដើម្បីដាក់ដំណើរការសាកល្បងជាលើកដំបូន នូវវារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែងនេះ។

តំណាងក្រុមហ៊ុនវិនិយោគទំបន់វារីអគ្គិសនីសេសានក្រោម២ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥​ ខែកក្កដានេះថា ដំណើរការសាង់សង់ទំនប់វារីអគ្គិសនីនេះ សម្រេចបានមុខផែនការកំណត់ ដូច្នេះហើយទើបអនុញ្ញាតឲ្យយើងមានពេលវេលា ធ្វើការសាកល្បងបិទទំបន់ទឹកនេះ។

តំណាងក្រុមហ៊ុនដដែលរូបនេះ បានបញ្ជាក់ទៀតថា ការបិទទំបន់ទឹកនេះ គឺដើម្បីវាសស្ទង់ឲ្យដឹងថា តើទំបន់ដី ឬទំបន់បេតុងអ័ក្សមេរបស់វារីអគ្គិសនីនេះ មានបញ្ហាអ្វីឬអត់? ហើយប្រព័ន្ធទ្វារបើកបិទទឹក ដំណើរការយ៉ាងដូចម្តេចដែរ។ ជាមួយគ្នានេះ ក៏ដើម្បីធ្វើការសម្អាតសំរាម ឬឈើដែលសម្អាតមិនទាន់អស់នៅបាតអាង មុននឹងបើកដំណើរការផ្លូវការនៅពេលខាងមុខ។

វារីអគ្គិសនីសេសានក្រោម២ នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការផ្គត់ផ្គងអគ្គិសនី ដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ នឹងធ្វើឲ្យកម្ពុជាកាន់មានភាពរឹងមាំ និងឯករាជ្យខាងវិស័យថាមពល ដែលកាត់បន្ថយបាន នូវការនាំអគ្គិសនីពីខាងក្រៅ។

សូមជម្រាបថា វារីអគ្គិសនីសេសានក្រោម២ គឺត្រូវបានវិនិយោគរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន Hydrolancang International Energy មានភាគហ៊ុន៥១% ក្រុមហ៊ុននៅកម្ពុជា Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន១០% ជាមួយនឹងទុនវិនិយោគ ក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក។

សំណង់វារីអគ្គិសនីនេះ ស្ថិតនៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៣ម៉ឺន៦ពាន់ហិកតា និងមានកម្ពស់សរុប៨០ម៉ែត ក្នុងនោះកម្ពស់៧៥ម៉ែត ជាកម្ពស់សម្រាប់ទប់ទឹក និងកម្ពស់៥ម៉ែត សម្រាប់ការពារហានិភ័យ ពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុលដែលយូរៗ កើតមានម្តង។

តាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាល នៅពេលវារីអគ្គិសនីមួយនេះ ដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចំណូលពន្ធដល់រដ្ឋ ប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំៗ។ យោងតាមកិច្ចព្រមព្រៀង​រវាងក្រុមហ៊ុនវិនិយោគ និងរាជរដ្ឋាភិបាល បន្ទាប់ពីដំណើរការអាជីវកម្ម អស់រយៈពេល៤០ឆ្នាំ គំរោងវារីអគ្គិសនីទន្លេសេសានក្រោម២នេះ នឹងត្រូវផ្ទេរជូនរដ្ឋាភិបាលជាអ្នកគ្រប់គ្រង់វិញម្តង ដែលនេះបានឆ្លុះបញ្ចាំង ពីការចូលរួម ចំណែកដ៏សំខាន់របស់ក្រុមហ៊ុនឯកជនជាមួយរដ្ឋាភិបាលកម្ពុជា៕