(បន្ទាយមានជ័យ)៖ សំណុំរឿងបាញ់ប្រហារមន្ដ្រីរួមការងាររបស់ខ្លួន នៅក្នុងកន្លែងធ្វើការ ពីសំណាក់បុគ្គលឈ្មោះ «ឈាន ពិសិដ្ឋ» អតីតនាយរងប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានកើតឡើងតាំងពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧មកនោះ ហាក់បីដូចជាស្ងប់ស្ងាត់ទៅវិញ រហូតមកដល់ពេលនេះ ពោលមានរយៈពេលជាង៣ខែមកហើយ ដោយសារតែជនប្រព្រឹត្តរូបនេះ មិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
តាមពិតឈ្មោះ ឈាន ពិសិដ្ឋ នេះត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រោយកើតហេតុមួយថ្ងៃ បានសម្រេចដកហូតតំណែង និងឋានន្ដរស័ក្ដិ ពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ ហើយបន្ទាប់មកតុលាការដំណើរការនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់។
សម្រាប់ករណីដដែលនេះ តុលាការខេត្តបន្ទាយមានជ័យ មិនបានព្រងើយកន្ដើយពីចំណាត់ការ និងនីតិវិធីរបស់ខ្លួននោះឡើយ ពោលបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ក្រោយពីចោទប្រកាន់ជាផ្លូវការ ប៉ុន្ដែអ្នកដែលទទួលខុសត្រូវបន្ដ លើការតាមចាប់ខ្លួនជនដៃដល់រូបនេះ គឺជាមន្ដ្រីនគរបាលយុត្តិធម៌ (កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មាននគរបាល និងអាវុធហត្ថ)។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក មុយ សុភ័ក្រ្ដ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានបង្គាប់ទៅដល់មន្ដ្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនជនត្រូវចោទទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ហើយនាំមកបង្ហាញខ្លួន នៅក្នុងមន្ទីរស៊ើបសួររបស់ចៅក្រម ក្នុងពេលដ៏ឆាប់បំផុត។
នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនដដែលនេះ ឈាន ពិសិដ្ឋ ដែលមានអាយុជិត៤០ឆ្នាំ អាស័យដ្ឋានមុនរត់គេចខ្លួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទ «ឃាតកម្ម (ប៉ុនប៉ង់) និងពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ» ប្រព្រឹត្តទៅចំណុចប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ តាមមាត្រា២៧ មាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
កាលពីពេលកន្លងទៅ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ធ្លាប់បានប្រាប់អង្គភាព Fresh News ថា កម្លាំងសមត្ថកិច្ចរបស់លោក បាននិងបន្ដធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជននេះ មិនបានបោះបង់ចោលនោះឡើយ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «តាមព័ត៌មាន ដែលទទួលបានជននេះ ដូចជាបានគេចខ្លួនចូលទឹកដីថៃ ប៉ុន្ដែប្រតិបត្តិការស្រាវជ្រាវរបស់យើង មិនត្រូវបានបញ្ឈប់នោះទេ»។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ ឈាន ពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា បណ្តាលឲ្យរងរបួសនៅស្មា តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត។ ឈាន ពិសិដ្ឋ បានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើ លោក សេម មករា នាយផ្នែករដ្ឋបាលចំស្មារខាងឆ្វេង បណ្តាលឲ្យដាច់រលាត់ នៅក្នុងអង្គភាពធ្វើការតែម្តង ដោយសារតែភាគីទាំង២ បានឈ្លោះប្រកែកគ្នាខ្លះៗ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សេម មករា បានបញ្ជាក់ថា «សូមប្តឹងទៅលើឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ ដែលបានយក អាវុធខ្លីមកបាញ់ប៉ុនប៉ងអាយុជីវិតខ្ញុំ ដោយចេតនានៅមុខបន្ទប់ធ្វើការ ក្នុងអង្គភាពនៅចំពោះមុខលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នៅពេលដែលខ្ញុំបានទទួលបញ្ជា ពីលោកនាយប៉ុស្តិ៍ឲ្យអញ្ជើញ មន្រ្តីក្នុងប៉ុស្តិ៍ចំនួន០២នាក់ ដែលបានទះទង្គិចពាក្យសម្តីគ្នា នៅពេលបំពេញការងារជំនាញមកធ្វើការអប់រំ»៕