(ភ្នំពេញ)៖ ដើម្បីឲ្យព្រឹត្តិការណ៍ នៃការរៀបចំពិធីអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដំណើរការទៅដោយរលូននោះ នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មការ នៃពិធីដ៏ធំមួយនេះ បានបើកកិច្ចប្រជុំពិភាក្សា ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍នេះ ដំណើរការទៅយ៉ាងល្អប្រសើរ។
សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំខាងលើនេះ រួមមាន៖ អនុប្រធាន និងសមាជិក ដែលសុទ្ធតែថ្នាក់រដ្ឋមន្ដ្រី ថ្នាក់រដ្ឋលេខាធិការ អភិបាលរាជធានីភ្នំពេញ ព្រមទាំងសមាជិក និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក និងប្រារព្ធធ្វើឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានមហាជនគ្រោង ចូលរួមរហូតដល់ជាង១ម៉ឺននាក់ឯណោះ ដូច្នេះផែនការការពារទៅលើបញ្ហាសន្ដិសុខ និងសណ្តាប់ធ្នាប់ គឺជាកត្កាដ៏សំខាន់ដែលយកចិត្តទុកដាក់ជាទីបំផុត។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរការបញ្ជូន តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន សម្រេចថា គណៈកម្មការនេះមានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីជាប្រធាន។
គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
តំបន់ប្រាសាទសំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕