Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខអតីត មេភូមិបុរី១០០ខ្នង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ

15-07-2017 15:17

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះសួរសុខទុក្ខ និងជូនថវិកាមួយចំនួន ដល់លំនៅឋានអតីតមេភូមិបុរី១០០ខ្នង ដែលកំពុងសម្រាកព្យាបាលជំងឺ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ដែលចូលនិវត្តជាច្រើនឆ្នាំមកហើយនោះ។

នៅក្នុងឱកាសនោះ លោកអភិបាលរាជធានី បានរំលឹកប្រាប់មន្ត្រីសាលារាជធានី និងមន្ត្រីខណ្ឌសែនសុខ ដែលចូលរួមនោះថា លោក អ៊ុ ហាក់ ប៉ែត អាយុ៧៩ឆ្នាំ ជាអតីតស្ថាបនិកភូមិបូរី១០០ខ្នង ជាចាស់ទុំដែលបានជួយប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់នេះ ហើយអ្នកភូមិគោរព និងស្រឡាញ់គាត់ណាស់។ ជាងនេះទៅទៀត គាត់បានជួយ និងសម្រួលការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន នាពេលកន្លងមក។ ស្នាដៃ និងសកម្មភាពរបស់លោកអ៊ុ ហាក់ ប៉ែតដែលធ្លាប់នៅគៀកកិតជាមួយប្រជាពលរដ្ឋ មិនត្រឹមតែប្រជាពលរដ្ឋគោរពនិងស្រឡាញ់ប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យថ្នាក់ដឹងនាំ រដ្ឋបាលខណ្ឌសែនសុខ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គោរព និងស្រឡាញ់ផងដែរ។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យក្រុមគ្រួសារជួយមើលថែ ស្តាប់តាមវេជ្ជបញ្ជាគ្រូពេទ្យ និងបានលើកទឹកចិត្តដល់លោក ក្នុងការព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ។ លោក ឃួង ស្រេង បានជូនពរលោក ហាក់ ប៉ែត ឲ្យខិតខំថែរក្សាសុខភាព ព្រោះសុខភាពជាមាសពេជ្ររបស់យើងគ្រប់ៗរូប ហើយកុំអស់សង្ឃឹមក្នុងជីវិត គឺថ្នាក់ដឹកនាំរាជធានី ជានិច្ចកាលមិនទុកឲ្យមន្ត្រីណាម្នាក់ រស់នៅក្នុងស្ថានភាពឯកោឡើយ តួយ៉ាងដូចជាពេលនេះជាដើម៕